នគរបាលខេត្តព្រះសីហនុ បង្ក្រាបករណីប្រើកាំបិតចាក់ប្លន់យករថយន្ត ឃាត់ខ្លួនជនជាតិចិន ចំនួន២នាក់

ភ្នំពេញ៖ នៅថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៣ វេលាម៉ោង០១និង៣០នាទីរំលងអធ្រាត្រ មានប្រជាពលរដ្ឋម្នាក់ដែលជាថៅកែរបស់ជនរងគ្រោះ បានរាយការណ៍មកថា អ្នកបើកបររថយន្តរបស់គាត់បានជិះរថយន្ត ១គ្រឿង ម៉ាក ALPHARD ពណ៌ខ្មៅ ពាក់ស្លាកលេខ កម្ពុជា C.K.7899 ដឹកភ្ញៀវជាជនជាតិចិន២នាក់ ភេទប្រុស ពីភ្នំពេញមកខេត្តព្រះសីហនុ តាមផ្លូវល្បឿនលឿន លុះដល់ចំណុច ស្ថានីយ៍ប្រេង តូតាល់ ស្ថិតក្នុងស្រុកកំពង់សីលា ខេត្តព្រះសីហនុ ស្រាប់តែជនជាតិចិនទាំង២នាក់បានហៅអោយគាត់ឈប់រថយន្ត និងបានព្រួតគ្នាវាយ និងប្រើកាំបិតចាក់ គាត់ប្លន់យករថយន្ត រួចបានបើករថយន្តគេចខ្លួន ។
បន្ទាប់ពីទទួលបានព័ត៌មាននេះភ្លាម លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានចាត់ឱ្យ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល សហការជាមួយកម្លាំងនគរបាលចរាចរណ៍ប្រចាំផ្លូវល្បឿនលឿន និងខាងក្រុមហ៊ុនផ្លូវល្បឿនលឿន ធ្វើការឃាត់រថយន្តខាងលើ និងជនសង្ស័យចំនួន០២នាក់ ភេទប្រុស ជនជាតិចិន នៅចំណុច បញ្ជរបង់ប្រាក់ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ។
ជនរងគ្រោះ ភេទប្រុស ជនជាតិខ្មែរ មុខរបរអ្នកបើកបរ បណ្តាលអោយ រងរបួសធ្ងន់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យឯកជន ។
ជនសង្ស័យចំនួន០២នាក់ មានឈ្មោះ ៖
១-ឈ្មោះ JIN JR-HAN ភេទប្រុស កើតថ្ងៃទី ១៣-០៧-២០០២ ជនជាតិចិនតៃវ៉ាន់ កាន់លិខិតឆ្លងដែនលេខ 360041268 ។
២-ឈ្មោះ KANG JIH-YAO រឺ ឈ្មោះ SAE-E PHANSAK (ឈ្មោះក្នុងលិខិតឆ្លងដែនថៃ) ភេទប្រុស ជនជាតិចិន(ចិនតៃវ៉ាន់ សញ្ជាតិថៃ) កើតថ្ងៃទី ១៨-០១-១៩៩៦ កាន់លិខិតឆ្លងដែនលេខ AB3380084 (លិខិតឆ្លងដែនថៃ) ។
សម្ភារះដកហូតបាន មានរថយន្ត ១គ្រឿង ម៉ាក ALPHARD ពណ៌ខ្មៅ ពាក់ស្លាកលេខ កម្ពុជា C.K.7899 និងសម្ភារះមួយចំនួន ។
បច្ចុប្បន្នករណីខាងលើនេះ ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល កំពុងធ្វើការសាកសួរតាមនិតិវិធីជំនាញ ៕
