ការអប់រំ និងផ្តល់លំហែទាំសុខភាពផ្លូវចិត្ត ដល់បងប្អូនជនពិការ ជារឿងចាំបាច់បំផុត អាចធ្វើឱ្យពួកគាត់មានក្ដីសង្ឃឹមឡើងវិញ ក្នុងជីវិតពិការភាព

ភ្នំពេញ៖ ក្នុងពិធីចុះអប់រំផ្សព្វផ្សាយ និងផ្តល់លំហែទាំសុខភាពផ្លូវចិត្តដល់បងប្អូនជនពិការ ក្នុងទឹកដីខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣ នេះ អនុប្រធាននាយកដ្ឋានស្តារនីតិសម្បទា នៃ ប.ស.ស. លោកស្រី រ័ត្ន រ៉ានីន បានបញ្ជាក់ថា៖ សុខភាពផ្លូវចិត្ត គឺជាសភាពមួយនៃសុខុមាលភាពរបស់មនុស្សយើង ហើយវាកាន់តែសំខាន់បំផុតសម្រាប់បងប្អូនជាជនពិការ ដែលក្នុងនោះបុគ្គលម្នាក់ៗ ក៏អាចដឹងពីសុខភាពផ្លូវចិត្តរបស់ខ្លួនបានតាមរយៈ សកម្មភាពបំពេញការងារប្រចាំថ្ងៃ ការដោះស្រាយបញ្ហាស្ត្រេសធម្មតាក្នុងជីវិត ក៏ដូចជាការចូលរួមការងារសហគមន៍ជាដើម។
លោកស្រីបានថ្លែងបន្តទៀតថា៖ ការដែលធ្វើឱ្យប្រសើរឡើងនូវសុខភាពផ្លូវចិត្ត វាគឺជាចលករដ៏សំខាន់ក្នុងការជម្រុញឱ្យមានសុខភាពរាងកាយល្អប្រសើរ ព្រមទាំងជួយបង្កើននូវកំលាំងស្មារតីរបស់មនុស្សយើងផងដែរ។ ដូច្នេះ ការចុះអប់រំផ្សព្វផ្សាយ និងផ្តល់លំហែទាំសុខភាពផ្លូវចិត្តដល់បងប្អូនជនពិការ ដែលជាសមាជិក ប.ស.ស. គឺជាផ្នែកមួយដ៏សំខាន់ និងចាំបាច់បំផុត សម្រាប់បងប្អូនជនពិការដែលទទួលរងហានិភ័យការងារបណ្តាលឱ្យបាត់បង់សមត្ថភាពការងារអចិន្រ្តៃយ៍ និងធ្លាក់ខ្លួនពិការ ដែលបានបង្កឱ្យមានអារម្មណ៍បាក់ស្បាត ធ្លាក់ទឹកចិត្តមិនអាចទទួលយកស្ថានភាពពិការរបស់ខ្លួន និងមិនទាន់យល់ដឹងបានទូលំទូលាយអំពីបញ្ហាសុខភាពផ្លូវចិត្ត ដែលជាឧបសគ្គដល់ការវិលត្រឡប់ចូលក្នុងសង្គមវិញ និងអាចធ្វើឱ្យបងប្អូនជាជនពិការទាំងអស់មានក្ដីសង្ឃឹមឡើងវិញនៅក្នុងជីវិតពិការភាពរបស់ខ្លួន។
លោកស្រីបានបន្តទៀតថា៖ សមាជិក ប.ស.ស. ជាជនពិការមិនត្រឹមតែទទួលបានការយកចិត្តទុកដាក់លើការអប់រំផ្សព្វផ្សាយ និងលំហែទាំផ្លូវចិត្តប៉ុណ្ណោះទេ តែពួកគាត់ទាំងអស់ ក៏នឹងទទួលបានការគាំពារពី ប.ស.ស. ដូចជាសេវាព្យាបាល និងថែទាំវេជ្ជសាស្រ្ត សេវាស្តារនីតិសម្បទា និងប្រាក់ឧបត្ថម្ភបន្ថែមទៀតផងដែរ។
បើយោងតាមរបាយការណ៍របស់នាយកដ្ឋានស្តារនីតិសម្បទា នៃ ប.ស.ស. បានបង្ហាញថា៖ គិតត្រឹមត្រីមាសទី២ ឆ្នាំ២០២៣នេះ សមាជិក ប.ស.ស. ដែលបានរងគ្រោះថ្នាក់រហូតធ្លាក់ខ្លួនពិការសរុបចំនួន ២ ៥៨៥នាក់ (ស្រីចំនួន ១ ០២៦នាក់) កំពុងទទួលបានការគាំពារពី ប.ស.ស. ដែលក្នុងនោះបងប្អូនជនពិការជាសមាជិក ប.ស.ស. ចំនួន ២ ៥៦១នាក់ (ស្រីចំនួន ១ ០១៧នាក់) បម្រើការងារក្នុងវិស័យឯកជន និងចំនួន ២៤នាក់ (ស្រី ៩នាក់) បម្រើការងារក្នុងវិស័យសាធារណៈ ។ ដោយឡែកនៅក្នុងខេត្តកំពង់ចាម គិតមកដល់បច្ចុប្បន្ននេះ សមាជិក ប.ស.ស. ដែលបានរងគ្រោះថ្នាក់រហូតធ្លាក់ខ្លួនពិការសរុបចំនួនសរុប ១០៣នាក់ (ស្រី ៤៨នាក់) និងខេត្តត្បូងឃ្មុំមានចំនួនសរុប ៦៧នាក់ (ស្រី ១៧នាក់)៕
