សុវណ្ណាបៃតង ជាភូមិមួយស្ថិតនៅស្រុកបទុមសាគរ មានប្រជាជនជាង ២០០គ្រួសារ ដែលធ្លាប់រស់នៅតាមតំបន់អភិរក្សសត្វព្រៃ និងធនធានធម្មជាតិ

ភ្នំពេញ៖ សុវណ្ណាបៃតង ជាឈ្មោះភូមិមួយស្ថិតនៅឃុំកណ្តោល ស្រុកបទុមសាគរ ខេត្តកោះកុង ដែលមានប្រជាជនជាង២០០គ្រួសារ ដែលធ្លាប់រស់នៅតាមតំបន់អភិរក្សសត្វព្រៃ, តំបន់អភិរក្សធនធានធម្មជាតិដូចជា៖ តំបន់ព្រៃភ្នំ រស់តាមដងព្រែក ស្ទឹងព្រាត់ឬក៏រស់នៅ តាមជ្រលងព្រែកជីផាត ក្នុងទឹកដីខេត្តកោះកុង ដោយប្រកាន់នូវមុខរបរកាប់ព្រៃឈើ បរបាញ់សត្វព្រៃ និងមានជីវភាពលំបាក តែបច្ចុប្បន្ននេះបានមករស់នៅតំបន់អភិវឌ្ឍន៍ថ្មី ធ្វើឱ្យជោគជ័យទាំងមុខរបរ និងជីវិតរស់នៅក្រោមការគាំទ្រពីអង្គការសម្ព័ន្ធមិត្តសត្វព្រៃ និងមន្រ្តីពាក់ព័ន្ធ។
ដោយមានជំនួយបច្ចេកទេស ពីអង្គការសម្ព័ន្ធមិត្ដសត្វព្រៃ ប្រជាពលរដ្ឋក្នុងភូមិនេះ បានទទួលចំណេះផ្នែកគ្រប់គ្រងប្រាក់កាក់ ជំនាញកសិកម្មបែបទំនើបក៏ដូចជាបានបង្កើត និងគ្រប់គ្រងសមាមគមន៍កសិកម្មសហគមន៍ និងឃ្លាំងលក់សម្ភារកសិកម្ម ដែលគ្រប់គ្រងមើលពីលើផលិតកម្មកសិកម្ម ផ្សព្វផ្សាយលក់ផលិតផលនៅទីផ្សារ ការថែទាំសុខភាពការអប់រំ ការអភិរក្សធនធានធម្មជាតិ និងប្រព័ន្ធឥណទានខ្នាតតូច។
បើតាមលោក អាត់ ណុច ជាប្រធានសហគមន៍អភិវឌ្ឍន៍កសិកម្មភូមិសុវណ្ណាបៃតងបានឱ្យដឹងថា ក្រោមការជួយជ្រោមជ្រែងនៃគម្រោងរបស់អង្គការសម្ព័ន្ធមិត្តសត្វព្រៃ ដែលមានរយៈពេលពីឆ្នាំ២០០៤ រហូតមកដល់ពេលនេះ មានរយៈពេលជាង១៩ឆ្នាំហើយឃើញថា ប្រជាពលរដ្ឋរស់នៅក្នុងសហគមន៍នេះ មានការសប្បាយចិត្តដោយសារគាត់មានលំនៅដ្ឋានជាកម្មសិទ្ធិ គាត់មានចំណេះដឹងជាមូលដ្ឋាន នៃបច្ចេកទេសកសិកម្ម ដែលគាត់អាចដាំដុះដំណាំកសិកម្មជាយុទ្ធសាស្ត្រនេះ ទទួលបានផ្លែផ្កាយ៉ាងល្អដែលធ្វើឱ្យពួកគាត់អាចទ្រទ្រង់ជីវភាពរស់នៅកាន់តែល្អប្រសើរ។
បើក្រឡេកមើលជីវភាពរបស់ពួកគាត់ដែរឃើញថា ល្អប្រសើរជាងរស់នៅតាមតំបន់ដែលពួកគាត់រស់នៅកាលពីមុនមក។ ពួកគាត់អាចដាំដំណាំគ្រប់មុខប្រកប ដោយមានមូលដ្ឋានចំណេះដឹងច្បាស់លាស់ និងមានការបង្រៀនត្រឹមត្រូវ។ លោកបានបន្តថា «ពួកគាត់មករស់នៅកន្លែងថ្មីនេះមានហេដ្ឋារចនា សម្ព័ន្ធគ្រប់គ្រាន់ដូចជា មានសាលារៀន មន្ទីរពេទ្យ និងទីផ្សារនៅក្បែរខ្លួន។ ក្រៅពីនេះកូនៗរបស់ពួកគាត់ខ្លះអាចរៀន ដល់សាកលវិទ្យាល័យ និងអាចមានការងារធ្វើមិនចាញ់កូនៗ អ្នករស់នៅទីប្រជុំជនឡើយ»។
ដោយឡែក អ្នកស្រីហាន់ គុនណាវ ដែលធ្លាប់ប្រកបរបកាប់ព្រៃតាមក្រុមគ្រួសារ កាលពីពេលកន្លងទៅបានឱ្យដឹងថា កាលពីមុនក្រុមគ្រួសាររបស់គាត់រស់នៅក្នុងព្រៃធម្មជាតិ ដោយប្រកបមុខរបរកាប់ព្រៃឈើ នេសាទត្រី ធ្វើចម្ការបែបពនេចរ និងនាំអ្នកកាប់ឈើធំៗដើម្បីទទួលបានកម្រៃខ្លះចិញ្ចឹមកូនហើយមានជីវភាពលំបាកខ្លាំងណាស់។ ក៏ប៉ុន្តែ បន្ទាប់ពីមន្ត្រីក្រសួងបរិស្ថានជួបពួកគាត់នៅក្នុងព្រៃក៏យកក្រុមគ្រួសារគាត់ និងអ្នកផ្សេងទៀតមករស់នៅក្នុងភូមិសុវណ្ណាបៃតងនេះ ក្រោមការជួយជ្រៀមជ្រែងឧបត្ថម្ភស្បៀងអាហារ ថ្នាំសង្កូវ ពីសំណាក់អង្គការសម្ព័ន្ធមិត្តសត្វព្រៃ។
អ្នកស្រីបានឱ្យដឹងថា ក្រោយមករស់នៅក្នុងភូមិសុវណ្ណាបៃតងនេះ ក្រុមគ្រួសារគាត់ទទួលបានដីដែលជាកម្មសិទ្ធិស្របច្បាប់ ព្រមទាំងធ្វើឱ្យជីវភាពរបស់ពួកគាត់មានការកែប្រែជាថ្មីរស់នៅដោយភាពកក់ក្ដៅ។ មិនខុសពីអ្នកស្រីហាន់ គុនណាវ អ្នកស្រីយី គឹមឡាប ដែលជាអ្នកចំណាកស្រុកដែលធ្លាប់រស់នៅតំបន់ធនធានធម្មជាតិមួយរូបដែនោះ បានលើកឡើងថា ក្រុមគ្រួសារគាត់ពិតជាទទួលបានមុខរបរថ្មីដែលកាលពីមុនធ្លាប់តែកាប់ឈើ បរបាញ់សត្វ ជំនួសមកធ្វើដំណាំកសិកម្មវិញ ពេលនេះគាត់មិនចាំបាច់ប្រថុយប្រថានចូលព្រៃកាប់ឈើ ចាប់សត្វ ព្រៃដែលជាប្រការមួយប្រឈមជាមួយផ្លូវច្បាប់ទៀតឡើយ។
អ្នកស្រីបន្តថា បានបញ្ជាក់ថា «ពេលនេះអង្គការសម្ព័ន្ធមិត្តសត្វព្រៃ និងមន្រ្តីពាក់ព័ន្ធ បានណែនាំឱ្យស្ម័គ្រចិត្តមករស់នៅតំបន់អភិវឌ្ឍន៍ភូមិសុវណ្ណាបៃតងនេះ ឃើញថាល្អប្រសើរណាស់។ គ្រួសារខ្ញុំដាំដំណាំកសិកម្ម គ្រប់មុខធ្វើឱ្យអាចរកចំណូល បានយ៉ាងធូរ និងកូនចៅអាចចូលរៀនគ្រប់គ្នាផង»។
សូមបញ្ជាក់ផងដែរថា អង្គការសម្ព័ន្ធមិត្តសត្វព្រៃបាននឹងកំពុងធ្វើការរួមគ្នាជាមួយរាជរដ្ឋាភិបាលកម្ពុជា ចាប់តាំងពីឆ្នាំ២០០១មក ដោយបានផ្ដល់ជំនួយបច្ចេកទេស ដើម្បីពង្រឹងតំបន់ការពារធម្មជាតិ កែលម្អ ជីវភាពរស់នៅដែលអាស្រ័យលើព្រៃឈើ សង្គ្រោះសត្វ ព្រៃពីព្រាន និងពីការជួញដូរ និងការពារតំបន់ជួរភ្នំក្រវាញ ដែលជាព្រៃឈើទីជម្រាលប្រភពទឹកប្រភពជីវចម្រុះ និងជាទ្រព្យធនសេដ្ឋកិច្ចធំជាងគេរបស់ប្រទេសកម្ពុជា៕

