សម្តេចតេជោ ហ៊ុន សែន ណែនាំឱ្យក្រុមការងារចាក់ឃ្លីបត្រូលសាមកុក ក្នុងយុទ្ធនាការឃោសនារកសំឡេងឆ្នោត

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានណែនាំឱ្យក្រុមការងារគណបក្សប្រជាជនកម្ពុជាចាក់ឃ្លីបត្រូលសាមកុកក្នុងយុទ្ធនាការឃោសនារកសំឡេងឆ្នោត។
ក្នុងឱកាសជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីជិត ២ម៉ឺននាក់ នៅពហុកីឡដ្ឋានជាតិមរតកតេជោ នាថ្ងៃទី២៤ មិថុនា សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា «សូមអរគុណចំពោះអ្នកត្រូល ខ្ញុំសូមផ្ដល់មតិឱ្យតាមឃុំ/សង្កាត់ តាមខេត្តនានាឱ្យចាក់ឃ្លីបនេះក្នុងយុទ្ធនាការឃោសនារកសំឡេងឆ្នោត ព្រោះបានសើចផង និងបានពន្យល់ឱ្យប្រជាពលរដ្ឋទៅបោះឆ្នោត ប្រាប់ពីថ្ងៃបោះឆ្នោត និងគួរបោះឆ្នោតឱ្យអ្នកណា ដូច្នេះយកឃ្លីបត្រូលហ្នឹងទៅចាក់ផងទៅ អត់ទាស់ខុសអីទេ»។
សម្ដេចតេជោបញ្ជាក់ថា ប្រការនេះមិនមែនចេះតែឃោសនានោះទេ ក៏ប៉ុន្តែរឿងពិតក្នុងប្រទេសកម្ពុជាគឺយ៉ាងដូច្នេះឯង ភាពរីកចម្រើននៅប្រទេសកម្ពុជានេះគឺមានចំណែកចេញពីការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ក្នុងនោះក៏មានឪពុកម្ដាយរបស់កម្មករ កម្មការិនីផងដែរ ៕
