សម្ដេចតេជោ ឯកភាពឲ្យកសាងសួនតេជោសន្តិភាព នៅតាមបណ្តាខេត្ត ដែលនឹងក្លាយជាកន្លែងកម្សាន្ត តំបន់ហាត់ប្រាណ របស់ពលរដ្ឋ

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានឯកភាពជាមួយការស្នើរបស់ក្រសួងការពារជាតិ សម្រាប់ការកសាងសួនតេជោសន្តិភាព នៅតាមបណ្តាខេត្ត ដែលនឹងក្លាយជាទីកន្លែងកម្សាន្ត តំបន់ហាត់ប្រាណ របស់ប្រជាពលរដ្ឋ ។
ក្នុងខណៈអញ្ជើញជាអធិបតី នៅក្នុងពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៦ ទិវានៃការចងចាំដំណើឆ្ពោះទៅការផ្ដួលរំលំរបបប្រល័យពូជសាសន៍ ប៉ុលពត ២០ មិថុនា ១៩៧៧-២០ មិថុនា ២០២៣ នាថ្ងៃទី ២០ ខែមិថុនា ឆ្នាំ២០២៣ នៅក្រសួងការពារជាតិ សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ថា «ការកសាងសួនតេជោសន្តិភាព ជារឿងដែលអាចធ្វើទៅបាន ដោយក្រៅពីទីតាំងរំលឹកអនុស្សាវរីយ៍ប្រវត្តិសាស្ត្រ សួននេះក៏នឹងក្លាយជាទីកន្លែងកម្សាន្ត តំបន់ហាត់ប្រាណ របស់ប្រជាពលរដ្ឋនៅតាមបណ្តាខេត្តផងដែរ»។
ជាមួយគ្នានេះ សម្ដេចតេជោ ក៏យល់ស្របផងដែរ ពាក់ព័ន្ធនឹងអនុក្រឹត្យរៀបចំតំបន់ប្រវត្តិសាស្ត្រយោធា ក៏ដូចជាតំបន់ប្រវត្តិសាស្ត្រនៅតាមភូមិភាគ។ ប៉ុន្តែចំពោះសំណើពីគម្រោងបង្កើតច្បាប់ស្តីពីប្រវត្តិសាស្ត្រយោធា សម្តេចណែនាំឱ្យមានការសិក្សាល្អិតល្អន់ជាមួយអ្នកច្បាប់ ៕
