សាលាដំបូងខេត្តកំពង់ស្ពឺ កំពុងស្រាវជ្រាវករណីជនជាប់ឃុំម្នាក់បានស្លាប់បន្ទាប់ពីបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ

ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់ នៃអយ្យការអមសាលាដំបូង ខេត្តកំពង់ស្ពឺ នៅរសៀលថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៣ នេះបានបញ្ជាក់ឱ្យដឹងថា ព្រះរាជអាជ្ញារង នៃស្ថាប័នអយ្យការអមសាលាដំបូងខេត្តកំពង់ស្ពឺ ទទួលបន្ទុកពន្ធធនាគារខេត្តកំពង់ស្ពឺ កំពុងដឹកនាំសមត្ថកិច្ចជំនាញ នៃស្នងការនគរបាលខេត្ត ស្រាវជ្រាវ និងសាកសួរតាមនីតិវិធី ករណីជនជាប់ឃុំម្នាក់បានស្លាប់បន្ទាប់ពីបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។
ការស្រាវជ្រាវ បានធ្វើឡើង បន្ទាប់ពីមានជនជាប់ឃុំម្នាក់ ឈ្មោះ មន មឿន ភេទប្រុស អាយុ ៤២ឆ្នាំ បានស្លា.ប់ បន្ទាប់ពីមន្ត្រីពន្ធនាគារបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ។
កំណត់ហេតុសួរយកចម្លើយសាក្សី នៅកន្លែងកើតហេតុ បានបញ្ជាក់ថា ការស្លាប់របស់ជនជាប់ឃុំ ឈ្មោះ មន មឿន គឺបណ្ដាលមកពីជនជាប់ឃុំរូបនេះ រអិលជើងធ្លាក់ពីលើធ្នើដាក់អីវ៉ាន់នៅក្នុងពន្ធនាគារ គឺមិនមានការធ្វើទារុណកម្ម និងប្រើអំពើហិង្សាអ្វីឡើយ។
ទោះជាយ៉ាងណា ក្រុមគ្រួសារ និងសាច់ញាតិរបស់ជនជាប់ឃុំ ឈ្មោះ មន មឿន នៅពុំទាន់ទទួលយកបានឡើយនូវហេតុផល ដែលសមត្ថកិច្ចសាកសួរសាក្សីនោះ ព្រោះពួកគាត់ អះអាងថា ប្រសិនបើជនជាប់ឃុំ រអិលធ្លាក់ពីលើធ្នើដាក់អីវ៉ាន់ ហេតុអ្វីមានស្នាកស្នាមជាំ ត្រង់កដៃទាំងសងខាង (ដូចជាមានការចាប់ក្រៀក), ជាំ និងហើម នៅត្រង់ដើមដៃខាងស្ដាំជាច្រើនកន្លែង ដូចជា មានការវាយ, ជាំនៅលើស្មងជើងទាំងសងខាងជាច្រើនកន្លែង, ជាំនៅដើមទ្រូង របកស្បែកជាច្រើនកន្លែង និងមានបែកបបូរមាត់ខាងលើ ផ្នែកខាងឆ្វេងថែមទៀតផង។
ក្រុមគ្រួសារ និងសាច់ញាតិរបស់ជនជាប់ឃុំឈ្មោះ មន មឿន ស្នើសុំឱ្យមន្ត្រីពាក់ព័ន្ធទាំងអស់ មេត្តាជួយស្រាវជ្រាវករណីនេះ ឱ្យបានហ្មត់ចត់បំផុត ដើម្បីឱ្យពួកគាត់អស់ចិត្ត និងជួយរកយុត្តិធម៌ជូនអ្នកស្លា.ប់។
គួររំលឹកថា ជនជាប់ឃុំឈ្មោះ មន មឿន ត្រូវបានកម្លាំងនគរបាលស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ឃាត់ខ្លួន កាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៣ ពាក់ព័ន្ធករណីប៉ុនប៉ងរំលោភសេពសន្ថវៈ នៅភូមិធ្លាចាស់ សង្កាត់វាងពង់ ក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ។
ជនជាប់ឃុំឈ្មោះ មន មឿន ត្រូវបានបញ្ជូនទៅឃុំបណ្ដោះអាសន្ន ក្នុងពន្ធនាគារខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៣ និងបានស្លា.ប់ នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៣។
ស.ពរបស់ជនជាប់ឃុំឈ្មោះ មន មឿន ត្រូវបានក្រុមគ្រួសារ សាច់ញាតិ យកទៅធ្វើបុណ្យតាមប្រពៃណី នៅស្រុកកំណើត នៅភូមិត្រពាំងឈូក សង្កាត់ព្រះស្រែ ក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ។
មាត្រា ៦៤ នៃច្បាប់ ស្ដីពី ពន្ធនាគារ បានចែងថា ក្នុងករណីជនជាប់ឃុំ ទទួលមរណភាពក្នុងពន្ធនាគារ ត្រូវចាត់ទុកជាការសង្ស័យ។ មន្ត្រីពន្ធនាគារ ត្រូវការពារកន្លែងសាកសព និងរក្សាទុកជនជាប់ឃុំ ដែលអាចធ្វើជាសាក្សី។ ប្រធានពន្ធនាគារ ត្រូវជូនដំណឹងទៅព្រះរាជអាជ្ញា ដើម្បីចាត់វិធានការស៊ើបអង្កេត។ ប្រសិនបើជនជាប់ឃុំស្លា.ប់នៅក្នុងមន្ទីរពេទ្យ ប្រធានពន្ធនាគារ ត្រូវជូនដំណឹងទៅព្រះរាជអាជ្ញា បើមានការសង្ស័យ ព្រះរាជអាជ្ញា ត្រូវចាត់ឱ្យនគរបាលបច្ចេកទេសវិទ្យាសាស្ត្រ ធ្វើការពិនិត្យសាកសព៕
