អំណោយឯកឧត្តមបណ្ឌិតហ៊ុនម៉ាណែតនិងលោកជំទាវត្រូវបានសមាគមថ្នាល់យុវជនកម្ពុជាសាខាខេត្តស្ទឹងត្រែងនាំយក ជូនប្រជាពលរដ្ឋមានជីវភាពខ្សត់ខ្សោយចំនួន១០គ្រួសារ វិទ្យុជាតិកម្ពុជា៖ លោកគឹម ហឿន

ស្ទឹងត្រែង៖ សមាគមថ្នាល់យុវជនកម្ពុជាសាខាខេត្តស្ទឹងត្រែងនាំយក គ្រឿងបរិភោគជាអំណោយរបស់ឯកឧត្តមបណ្ឌិតហ៊ុនម៉ាណែតនិងលោកជំទាវជូនប្រជាពលរដ្ឋដែលមានជីវភាពលំបាកខ្សត់ខ្សោយ ចំនួន១០គ្រួសាររស់នៅឃុំចំការលើ ដើម្បីបានផ្គត់ផ្គង់ដល់ការរស់នៅបន្ថែម ។
ក្នុងពិធីផ្តល់អំណោយដែលបានធ្វើឡើងនៅសាលាឃុំចំការលើ ស្រុកថាឡាបរិវ៉ាត់ខេត្តស្ទឹងត្រែង ថ្ងៃទី១៤ខែមិថុនាឆ្នាំ២០២៣ លោកគង់ សាវុទ្ធ ប្រធានប្រតិបត្តិសមាគមថ្នាល់យុវជនកម្ពុជាប្រចាំសាខាខេត្តស្ទឹងត្រែងតំណាងឱ្យលោកម៉ៅផល្លាប្រធានទីស្នាក់ការកណ្តាលសមាគមថ្នាល់យុវជនកម្ពុជានិងតំណាងខ្ពង់ខ្ពស់ ឯកឧត្តមផេកគឹមស្រុន មានប្រសាសន៍ថា៖ ជាមួយនិងការទទួលបានអំណោយនេះ ចូល អ៊ុ ពូមីង បងប្អូនកូនក្មួយ រស់នៅត្រូវថែរក្សាសុខភាពឱ្យបានល្អ គឺអនុវត្តតាមមន្ត្រីសុខាភិបាលបានណែនាំ ដើម្បីលើកកម្ពស់សុខភាពរស់នៅកាន់តែល្អប្រសើរ ។
លោកមានប្រសាសន៍ទៀតថា៖ ជាមួយគ្នានេះដែរ បងប្អូនប្រជាពលរដ្ឋយើងត្រូវរៀបចំឯកសារពាក់ព័ន្ធជាពិសេសអត្តសញ្ញានប័ណ្ណដើម្បីទៅបោះឆ្នោតនៅថ្ងៃទី២៣កក្កដាឆ្នាំ២០២៣ខាងមុខនេះកុំបីខាន ហើយក្រុមការងារក៏នៅតែបន្តជួយបងប្អូនប្រជាពលរដ្ឋយើងដែលមានជីវភាពខ្វះខាតបន្តទៀតដោយរួមគ្នាអនុវត្តនូវគោលការណ៍គ្រឹះរបស់កាកបាទក្រហមកម្ពុជា មិនទុកឱ្យបងប្អូនណាម្នាក់ស្លាប់ដោយសារអត់បាយនោះទេ ។
លោកឆាំរស្មី ប្រធានសមាគមថ្នាល់យុវជនកម្ពុជាប្រចាំស្រុកថាឡាបរិវ៉ាត់ បានគាំទ្រចំពោះការយកចិត្តទុកដាក់នេះ ហើយលោកនិងចូលរួមបន្តអនុវត្តគោលការណ៍ដ៏មានប្រសិទ្ធភាព នេះ ក្នុងការបំពេញកាតព្វកិច្ចជួយប្រជាពលរដ្ឋ ស្របតាមគោលការណ៍របស់សមាគមថ្នាល់យុវជនកម្ពុជាក្រោមការដឹកនាំរបស់ឯកឧត្តមផេកគឹមស្រុនប្រធានសមាគមថ្នាល់យុវជនកម្ពុជា។
លោកផងចាន់ឡៃ អាយុ៧០ឆ្នាំរស់នៅភូមិចំការលើ បានសាទរជាមួយការទទួលបានអំណោយដ៍ថ្លៃថ្លានេះ ព្រោះគ្រួសារគាត់មានជីវភាពខ្សត់ខ្សោយ បានក្រុមការងារសមាគមថ្នាល់យុវជនកម្ពុជា ជួយមិនភ្លេចគុណដ៏ឧត្តុងឧត្តមនេះទេ ។
លោកវង្សសុភី អនុប្រធានប្រតិបត្តិសមាគមថ្នាល់យុវជនកម្ពុជាសាខាខេត្តស្ទឹងត្រែងបានបញ្ជាក់ដែរថា៖សមាគមថ្នាល់យុវជនកម្ពុជាសាខាខេត្តបានបំពេញការងារមនុស្សធ៌មដោយឥតរើសអើងឡើយ។
លោកបន្តថា៖ជាក់ស្តែងនៅថ្ងៃទី១៤មិថុនានេះបាននាំយកអំណោយរបស់ឯកឧត្តមបណ្ទិតហ៊ុនម៉ាណែតនិងលោកទំទាវផ្តល់ជូនប្រជាពលដ្ឋចំនួន១០គ្រួសារនិងឧបត្ថម្ភថវិកា៣៧ម៉ឺនរៀលដល់គ្រួសារដែលមានសមាជិកស្លាប់ផងដែរ។
សូមបញ្ជាក់ថា៖ អំណោយដែលបានផ្តល់ជូនបងប្អូនប្រជាពលរដ្ឋមានជីវភាពលំបាកនេះក្នុងមួយគ្រួសារទទួលបាន អង្ករ ៥០គីឡូក្រាម មី១កេស ទឹកផ្លែឈើ១កេស ទឹកស៊ីអ៊ីវ១យួរ ទឹកត្រី១យួរ និងគ្រឿងបរិភោគផ្សេងៗជាច្រើនមុខទៀត ៕
