សម្ដេចតេជោ ហ៊ុន សែន នឹងអញ្ជើញប្រារព្ធពិធីរំលឹកខួបលើកទី៤៦ឆ្នាំ នៃដំណើរឆ្ពោះទៅរំដោះជាតិ នៅថ្ងៃទី២០ មិថុនា

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នឹងអញ្ជើញប្រារព្ធពិធីរំលឹកខួបលើកទី៤៦ឆ្នាំ នៃដំណើរឆ្ពោះទៅរកការរំដោះជាតិ ចេញពីរបប ប៉ុល ពត នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៣ខាងមុខនេះ នៅក្រសួងការពារជាតិ ។
ក្នុងឱកាសបន្តចុះជួបកម្មករ កម្មការិនី ជិត២ម៉ឺននាក់ ក្នុងរាជធានីភ្នំពេញ នាថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៣នេះ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា «ថ្ងៃទី២០ ខែមិថុនានេះ គឺជាខួប៤៦ឆ្នាំ នៃដំណើរឆ្ពោះទៅរំដោះជាតិ ពូត្រូវទៅឧទ្ទេសនាមនៅក្រសួងការពារជាតិ យើងអត់បានទៅធ្វើពិធីនៅព្រំដែនកន្លែងដែលធ្លាប់ធ្វើនោះទេ ប៉ុន្ដែយើងនឹងនិយាយជាមួយកងទ័ព ដើម្បីឲ្យត្រូវគ្នាលើកត្តាប្រវត្តិសាស្ដ្រទាំងឡាយ ពាក់ព័ន្ធនយោបាយឈ្នះឈ្នះ និងពាក់ព័ន្ធការចាកចេញ និងតួអង្គរបស់ពូក្នុងដំណើរការរំដោះប្រទេសជាតិ» ៕
