ប្រមុខរាជរដ្ឋាភិបាល ស្នើឲ្យម្ចាស់បុរី យោគយល់អ្នកបង់រំលោះផ្ទះ ដោយរៀបចំឥណទានឡើងវិញ ចៀសវាងការរឹបអូសផ្ទះ

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានស្នើឲ្យម្ចាស់បុរីទាំងអស់ យោគយល់ដល់អ្នកបង់រំលោះផ្ទះ ដោយសម្រួលផ្នែកហិរញ្ញវត្ថុសម្រាប់ពួកគេ ឬពន្លាតរយៈពេលបង់ ហើយចៀសវាងការរឹបអូសផ្ទះ ។
ក្នុងឱកាសបន្តអញ្ជើញចុះជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីសរុបចំនួន ១៨០៥៧នាក់ មកពីរោងចក្រ សហគ្រាស ចំនួន១១ នៅស្រុកកំពង់ត្រឡាច និងស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង នាថ្ងៃទី៩ មិថុនានេះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា «តាមបុរីនានា កិច្ចសន្យាពិតជាមានហើយរវាងអ្នកលក់ និងអ្នកទិញក្នុងការបង់រំលោះផ្ទះ បង់រំលោះរថយន្ត មានកិច្ចសន្យាជាពិសេសគឺបង់រំលោះផ្ទះតែម្តង ខ្ញុំសូមឱ្យម្ចាស់បុរីទាំងអស់ ផ្តល់ការយោគយល់ចំពោះការលំបាក របស់អ្នកដែលធ្លាប់តែមានប្រាក់ចំណូលខ្ពស់ ប៉ុន្តែប្រាក់ចំណូលធ្លាក់ អញ្ចឹងគប្បីត្រូវរៀបចំឥណទានឡើងវិញ»។
សម្តេចបានឧទាហរណ៍ថា បើគាត់បង់១ខែ៥០០ដុល្លាររយៈពេល១៥ឆ្នាំ ម្ចាស់បុរីក៏អាចសម្រួលឱ្យគាត់បង់តិចជាងនេះ នៅត្រឹម៤០០ដុល្លារ ឬ៣៥០ដុល្លារ ក្នុងមួយខែ ប៉ុន្តែបង់រយៈពេល២០ឆ្នាំបាន។ សម្តេចថា «ធ្វើយ៉ាងនេះបញ្ចៀសបាននូវការរឹបអូសភ្លាមៗ ដែលវាជារឿងឈឺចាប់មួយសម្រាប់អ្នកទិញអចលនទ្រព្យ ហើយថៅកែអត់មានអ្វីខាតទេ ម្ចាស់បុរីចំណេញទៅវិញទេ ត្រង់អី គឺការប្រាក់នៅតែជាការប្រាក់ដដែល ហើយអូសបន្លាយពេលសង»។
សម្ដេចតេជោ ហ៊ុន សែន បានអំពាវនាវដល់ម្ចាស់បុរីទាំងអស់ត្រូវបញ្ឈប់ជាបន្ទាន់ នូវការរឹបអូសផ្ទះពីអតិថិជនបង់រំលស់ប្រាក់យឺតយ៉ាវ ខណៈសម្ដេច ក៏បានណែនាំឯកឧត្ដម អូន ព័ន្ធមុន្នីរ័ត្ន ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងអ្នកឧកញ៉ា លី ហួរ ប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជាសហការគ្នារៀបចំឡើងវិញ នូវនីតិវិធីសម្រាប់ការឥណទានបង់រំលស់ផ្ទះរបស់ប្រជាពលរដ្ឋ ដើម្បីធ្វើយ៉ាងណាអាចឱ្យពលរដ្ឋអាចបន្តបង់រំលស់ផ្ទះទៀតបាន។
សម្ដេចតេជោ បានបញ្ជាក់ថា បច្ចុប្បន្ននេះ ធនាគារជាតិនៃកម្ពុជា និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមួយមួយចំនួន ក៏កំពុងរៀបចំឡើងវិញ លើគណនេយ្យបង់រំលស់ផ្ទះរបស់ប្រជាពលរដ្ឋរាប់សែនគណនេយ្យ ដើម្បីពិនិត្យមើលលើនីតិវិធី ឬអូសបន្លាយរយៈពេលសម្រាប់ការបង់រំលស់ផ្ទះរបស់ប្រជាពលរដ្ឋផងដែរ។ ក្នុងឱកាសនេះសម្តេចតេជោ ហ៊ុន សែន ក៏បានណែនាំឱ្យជំនួយការផ្ទាល់របស់សម្ដេច ត្រូវរៀបចំបញ្ជីពោះបុរីណាដែលបានរឹបអូសផ្ទះប្រជាពលរដ្ឋ ក្រោយពេលពលរដ្ឋបង់ប្រាក់យឺតយ៉ាវនាពេលកន្លងទៅ ដើម្បីអាចស្វែងរកដំណោះស្រាយលើបញ្ហាជូនប្រជាពលរដ្ឋបាន ៕
