សម្ដេចតេជោ ផ្ដាំដល់អ្នកបន្តវេនដឹកនាំកម្ពុជា ត្រូវប្រើថវិកាលើហេដ្ឋារចនាសម្ព័ន្ធពន្លឿនសេដ្ឋកិច្ច

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានផ្ដាំផ្ញើអ្នកបន្តវេនដឹកនាំកម្ពុជា កុំភ្លេចប្រើប្រាស់ ឬវិភាជថវិកាទៅលើហេដ្ឋារចនាសម្ព័ន្ធពន្លឿនសេដ្ឋកិច្ច ក្នុងពេលដឹកនាំប្រទេស ឬស្ថាប័ន ឬហៅថា «បែងចែកថវិកានៅកំណើនសេដ្ឋកិច្ចប្រកបដោយសមធម៌» ដោយគួរតែរៀបចំមិនត្រូវប្រើប្រាស់ថវិកាខ្ចះខ្ជាយឡើយ ។
ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវស្ពានឆ្លងទន្លេ និងស្ពានអាកាសឫស្សីកែវ នាថ្ងៃទី៣១ ខែឧសភាសម្ដេចតេជោ ថ្លែងថា «ខ្ញុំស្នើសុំឱ្យអ្នកបន្តវេន សូមកុំភ្លេចប្រើប្រាស់វិភាជថវិកាទៅលើហេដ្ឋារចនាសម្ពន្ធពន្លឿនសេដ្ឋកិច្ច ដែលខ្ញុំប្រើពាក្យថា បែងចែកផ្លែផ្កាសេដ្ឋកិច្ចប្រកបដោយសមធម៌។ ចំណុចនេះត្រូវក្ដាប់ឱ្យជាប់ក្នុងពេលដឹកនាំប្រទេស ឬក៏ដឹកនាំស្ថាប័នដែលទាក់ទងនឹងការរៀបចំគោលនយោបាយស្ដីពីការអភិវឌ្ឍ» ៕
