ឯកឧត្តម ហ៊ុន ម៉ាណែត សរសើរថ្នាក់ដឹកនាំ យោធិនតំបន់ប្រតិបត្តិការសឹករងកំពត ដែលខិតខំបំពេញតួនាទីភារកិច្ចរហូតសម្រេចបានស្នាដៃ និងសមិទ្ធផលការងារជាច្រើន

ភ្នំពេញ៖ ឯកឧត្តមនាយឧត្តមសេនីយ៍បណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងកោតសរសើរចំពោះថ្នាក់ដឹកនាំ និងយោធិនទូទាំងតំបន់ប្រតិបត្តិការសឹករងកំពត ដែលក្នុងឆ្នាំ២០២២ និងក្នុងរយៈកាលពាក់កណ្តាលឆ្នាំ២០២៣ កន្លងមកនេះ បានខិតខំបំពេញតួនាទី និងភារកិច្ចរហូតសម្រេចបាននូវស្នាដៃ និងសមិទ្ធផលការងារជាច្រើន ។
ក្នុងឱកាសតំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញសម្ពោធអគារស្នាក់នៅ និងសមិទ្ធផលនានារបស់ តំបន់ប្រតិបត្តិការសឹករងកំពត និងកងឯកភាពចំណុះ នាថ្ងៃទី២៩ ឧសភា នាយឧត្តមសេនីយ៍បណ្ឌិត ហ៊ុន ម៉ាណែត បានចូលរួមអបអរសាទរចំពោះការសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នូវអគារស្នាក់នៅ និងអគារទីបញ្ជាការ ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រមទាំងសប្បុរសជន ផ្តល់ជូនតំបន់ប្រតិបត្តិការសឹករងកំពត និងកងឯកភាពចំណុះ និងសូមសម្តែងនូវការកោតសរសើរចំពោះថ្នាក់ដឹកនាំ និងយោធិនទូទាំងតំបន់ប្រតិបត្តិការសឹករងកំពត ដែលក្នុងឆ្នាំ២០២២ និងក្នុងរយៈកាលពាក់កណ្តាលឆ្នាំ២០២៣ កន្លងមកនេះ បានខិតខំបំពេញតួនាទី និងភារកិច្ចរហូតសម្រេចបាននូវស្នាដៃ និងសមិទ្ធផលការងារជាច្រើន ទាំងលើការងារស្នូល, ការងារជំនាញ និងកិច្ចសហការជាមួយអាជ្ញាធរដែនដី និងសមត្ថកិច្ចជំនាញ ក្នុងការការពារសន្តិសុខ, ស្ថិរភាព និងសណ្តាប់ធ្នាប់សាធារណៈ នៅក្នុងភូមិសាស្ត្រទទួលខុសត្រូវ ដោយធានាបាននូវសុវត្ថិភាពជូនប្រជាពលរដ្ឋបានយ៉ាងល្អប្រសើរ ៕

