បណ្ឌិត ហ៊ុន ម៉ាណែត៖ កាលពីអតីតកាល គេស្គាល់កម្ពុជាតាមរយៈរបបវាលពិឃាតប៉ុលពត ប៉ុន្តែបច្ចុប្បន្នគេស្គាល់កម្ពុជា ក្នុងនាមជាប្រទេសមួយដែលពោរពេញដោយសន្តិភាព

ភ្នំពេញ៖ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត បានលើកឡើងថា កាលពីអតីតកាល គេស្គាល់កម្ពុជាតាមរយៈរបបវាលពិឃាតប៉ុលពត ប៉ុន្តែក្នុងពេលបច្ចុប្បន្ននេះ គេស្គាល់កម្ពុជា ក្នុងនាមជាប្រទេសមួយដែលពោរពេញដោយសន្តិភាព និងប្រាសាទអង្គវត្ត។
ឯកឧត្ដមមានប្រសាសន៍បែបនេះក្នុងឱកាសតំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញសម្ពោធឆ្លងអគារពុទ្ធិកបឋមសិក្សា និងសមិទ្ធផលនានានៅក្នុងវត្តពលិសបព្វតារាម (ហៅវត្តភ្នំសន្ទូច) ស្ថិតនៅភូមិសន្ទូច ឃុំស្រែថ្មី ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង នៅថ្ងៃ២៣ ខែឧសភា ឆ្នាំ២០២៣។
ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត បានលើកឡើងថា ថ្ងៃនេះ សម្តេចតេជោ និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវអគារមជ្ឈមណ្ឌលពហុឯកទេស “អគារតេជោអភិវឌ្ឍន៍” នៅមន្ទីរពេទ្យកាល់ម៉ែត ដែលជាសមិទ្ធផលដ៏ធំនៅក្នុងវិស័យសុខាភិបាល ខណៈដែលយើងទាំងអស់គ្នាកំពុងសម្ពោធសមិទ្ធផលក្នុងវិស័យសាសនា នៅក្នុងមូលដ្ឋានស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ហើយទន្ទឹមនឹងនេះ ថ្នាក់ដឹកនាំជាច្រើនផ្សេងទៀត ក៏កំពុងសម្ពោធសមិទ្ធផលនានានៅគ្រប់ទីកន្លែងផ្សេងៗ នៃព្រះរាជាណាចក្រកម្ពុជា។
ឯកឧត្ដមបញ្ជាក់ថា “កាលពីអតីតកាល គេស្គាល់កម្ពុជាតាមរយៈរបបវាលពិឃាតប៉ុលពត ប៉ុន្តែក្នុងពេលបច្ចុប្បន្ននេះ គេស្គាល់កម្ពុជា ក្នុងនាមជាប្រទេសមួយដែលពោរពេញដោយសន្តិភាព និងប្រាសាទអង្គវត្ត ក៏ដូចជាស្នាមញញឹម និងភាពរស់រាយរាក់ទាក់របស់ប្រជាជនក្នុងមោទនភាពខ្ពស់ជាជាតិសាសន៍ខ្មែរ”។
ឯកឧត្ដម ហ៊ុន ម៉ាណែតបន្ថែមថា ទាំងអស់នេះ គឺពិតជាបានបង្ហាញច្បាស់អំពីមនុញ្ញផលនៃសុខសន្តិភាព ស្ថិរភាព និងកម្រិតជីវភាពល្អប្រសើររបស់ប្រជាជន នៅក្រោមគោលនយោបាយដឹកនាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាល និងការរួបរួមសាមគ្គីគ្នារបស់ប្រជាពលរដ្ឋនៅក្នុងស្មារតីនៃវប្បធម៌ចែករំលែក៕

