បណ្ឌិត ហ៊ុន ម៉ាណែត៖ ចំណេះដឹង ជាអំណាច សម្រាប់បុគ្គលម្នាក់ៗ ការអប់រំបានផ្តល់នូវអំណាចដែលផ្តល់នូវសេរីភាព ជម្រើស ឥទ្ធិពលក្នុងការប្រកួតប្រជែង

ភ្នំពេញ៖ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត ប្រធានគណៈកម្មាធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិតបានមានប្រសាសន៍ថា ចំណេះដឹង ជាអំណាច សម្រាប់បុគ្គលម្នាក់ៗ, ការអប់រំបានផ្តល់ឱ្យយើងនូវអំណាចដែលផ្តល់នូវសេរីភាព, ជម្រើស, ឥទ្ធិពលក្នុងការប្រកួតប្រជែងភាពម្ចាស់ការឯករាជ្យ និងឱកាសគ្រប់បែបយ៉ាង ហើយក៏ជាមូលដ្ឋានក្នុងការបន្តកសាងអភិវឌ្ឍខ្លួនទៅមុខបន្ថែមទៀត ទាំងតាមការចាប់យកជំនាញថ្មី (Reskilling) និងការធ្វើទំនើបកម្មលើជំនាញដែលមានស្រាប់ (Upskilling) ដើម្បីឆ្លើយតបទៅនឹងឱកាសថ្មីៗកាន់តែប្រសើរ ជាពិសេសការប្រកួតប្រជែងយកឱកាសការងារទាំងក្នុង និងក្រៅប្រទេស។
ឯគឧត្ដមមានប្រសាសន៍បែបនេះ នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣ ខណៈអញ្ជើញប្រគល់សញ្ញាបត្រជូននិស្សិតជ័យលាភី នៃសាខាសាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច (UME) ខេត្តក្រចេះ។
ឯកឧត្ដម បណ្ឌិត បានចូលរួមអបអរសាទរជាមួយសមណនិស្សិត និងនិស្សិតជ័យលាភីទាំង ៨០០ អង្គ/នាក់ ដែលបានបញ្ចប់ការសិក្សាដោយជោគជ័យ ហើយត្រូវទទួលសញ្ញាបត្រនាពេលនេះ បន្ទាប់ពីបានយកចិត្តទុកដាក់រៀនសូត្រ និងពុះពារជម្នះរាល់ការលំបាកអស់រយៈពេលជាច្រើនឆ្នាំ ហើយនេះក៏ជាជំហានថ្មីមួយទៀតនៅក្នុងជីវិតចំពោះការទទួលបាននូវការបញ្ជាក់អំពីគុណវុឌ្ឍិជាផ្លូវការ ក្នុងនាមជាមូលធនមនុស្សប្រកបដោយគុណភាព ដែលកំពុងចូលរួមយ៉ាងសកម្មក្នុងកិច្ចការសង្គម-សាសនា និងបម្រើការងារនៅតាមក្រសួង-សា្ថប័នរដ្ឋ, វិស័យឯកជន និងអង្គការក្រៅរដ្ឋាភិបាលនានា៕

