អភិបាលខេត្តពោធិ៍សាត់ នៃប្រទេសកម្ពុជា និង អភិបាលខេត្តត្រាត នៃប្រទេសថៃ ប្តេជ្ញាជម្រុញការបើកឱ្យដំណើរការ ច្រកទ្វារព្រំដែន ថ្មដា-បានថាសេន ដើម្បីផលប្រយោជន៍ប្រជាជន នៃប្រទេសទាំង២

ភ្នំពេញ៖ ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម ឆាំណានវីត តេរ៉ាត់ អភិបាលនៃគណៈអភិបាលខេត្តត្រាត នៃព្រះរាជាណាចក្រថៃ បានសម្តែងការប្តេជ្ញាចិត្ត ក្នុងការជម្រុញការបើកឱ្យដំណើរការ ច្រកទ្វារព្រំដែន ថ្មដា-បានថាសេន ដើម្បីបម្រើផលប្រយោជន៍ ក៏ដូចជាសេចក្តីត្រូវការ និងសុខមាលភាពប្រជាជន នៃប្រទេសទាំង២។
ការប្តេជ្ញាចិត្តបែបនេះ ត្រូវបានធ្វើឡើងក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ រវាងអភិបាលខេត្តពោធិ៍សាត់ និង អភិបាលខេត្តត្រាត នៅថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៣ នៅសាលបន្ទប់រងចាំ ជាន់ទី៤ សាលាខេត្តត្រាត ដោយបានការចូលរួមពី អភិបាលរងខេត្តពោធិ៍សាត់ និង អភិបាលរងខេត្តត្រាត។
ក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សាការងារនេះ ធ្វើឡើងស្របគ្នា ក្នុងដំណើរទស្សនកិច្ចសិក្សា រយៈពេល២ថ្ងៃ របស់គណៈប្រតិភូខេត្តពោធិ៍សាត់ តាមការអញ្ជើញរបស់រដ្ឋបាលខេត្តត្រាត ដោយទទួលបានការអនុញ្ញាត និងគាំទ្រ ពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និង សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃកម្ពុជា។
សម្រាប់ដំណើរទស្សនកិច្ចសិក្សានេះផងដែរ គឺធ្វើឡើងក្នុងគោលបំណងដើម្បីពង្រឹងទំនាក់ទំនង សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការ រវាងថ្នាក់ដឹកនាំខេត្តពោធិ៍សាត់ និងខេត្តត្រាត ពិសេសជម្រុញ និងពន្លឿនការបើកឱ្យដំណើរការ ច្រកទ្វារព្រំដែន ថ្មដា-បានថាសេន ឱ្យក្លាយជាច្រកទ្វាព្រំដែនអន្តរជាតិឆាប់ៗខាងមុខ។
ជាមួយគ្នានោះ ភាគីកម្ពុជា-ថៃ បានជួបពិភាក្សាផ្លាស់ប្តូរយោបល់គ្នា រហូតឈានទៅរកផ្លូវមួយដែលល្អ និងមានប្រយោជន៍សម្រាប់ប្រជាពលរដ្ឋរួមគ្នា ដែលអាចនិយាយបានថា «ខេត្តពោធិ៍សាត់ គឺមានប្រយោជន៍សម្រាប់ខេត្តត្រាត ហើយខេត្តត្រាត ក៏មានប្រយោជន៍សម្រាប់ខេត្តពោធិ៍សាត់ផងដែរ»។
គួរជម្រាបជូនថា យោងតាមកំណត់ហេតុ នៃកិច្ចប្រជុំអភិបាលខេត្ត ជាប់ព្រំដែនកម្ពុជា-ថៃ កាលពីថ្ងៃទី២៣-២៥ ខែសីហា ឆ្នាំ២០១៧កន្លងទៅ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃកម្ពុជា និងឧត្តមសេនីយ៍ អានុភុង ផៅចិន្តា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃថៃ បានព្រមព្រៀងគ្នាដំឡើងកម្រិតច្រកទ្វារព្រំដែនអន្តរជាតិ ចំនួន៤ រួមមាន៖
១-ច្រកអានសេះ ខេត្តព្រះវិហារ ទល់មុខច្រកអានម៉ា ខេត្តឧប៊ុនរាជធានី
២-ច្រកថ្មដា ខេត្តពោធិ៍សាត់ ទល់មុខច្រកបានថាសេន ខេត្តត្រាត
៣-ច្រកភ្នំដី ខេត្តបាត់ដំបង ទល់មុខច្រកបានខៅឌិន ខេត្តស្រះកែវ
៤-ច្រកជប់គគីរ ខេត្តឧត្តរមានជ័យ ទល់មុខច្រកសាយតាគូ ខេត្តបុរីរម្យ។
ភាគីប្រទេសទាំងពីរ ក៏បានលើកទឹកចិត្តដល់អាជ្ញាធរពាក់ព័ន្ធបានជួបគ្នា ពិសេសខេត្តនឹងខេត្ត ដើម្បីពន្លឿនការបើកឱ្យដំណើរការច្រកព្រំដែនទាំង៤ខាងលើ ជាច្រកទ្វារព្រំដែនអន្តរជាតិ ឱ្យបានឆាប់រហ័ស តាមដែលអាចធ្វើទៅបាន ៕
