នាយករដ្ឋមន្ត្រី ប្រាប់បរទេសមួយចំនួន កុំឱ្យសាងកំហុសទី៣ ចំពោះកម្ពុជា

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រាប់បរទេសមួយចំនួន កុំឱ្យសាងកំហុសទី៣ មកលើប្រទេសកម្ពុជា ខណៈដែលពួកគេធ្លាប់បានសាងកំហុស២លើករួចទៅហើយ។
ក្នុងពិធីប្រគល់សញ្ញាបត្រជូនគរុសិស្ស គរុនិស្សិត និស្សិត និងបុគ្គលិកអប់រំជាង ២ពាន់នាក់ នាថ្ងៃទី២៥ ខែមេសានេះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា៖ «ខ្ញុំតែងនិយាយជាមួយនឹងបរទេសមួយចំនួនដែលចូលចិត្តប្រដៅកម្ពុជា ខ្ញុំថា “ពួកអ្នកឯងកុំធ្វើកំហុសទី៣”»។
សម្តេចតេជោ ហ៊ុន សែន បានពន្យល់ថា កំហុសពីរដែលពួកគេបានធ្វើលើកម្ពុជារួចមកហើយនោះ ទី១៖ តាំងខ្លួនជាប្រទេសប្រជាធិបតេយ្យ តែគាំទ្ររដ្ឋប្រហារ លន់ នល់ ទម្លាក់សម្តេច នរោត្តម សីហនុ, ទី២៖ តាំងខ្លួនជាប្រទេសប្រជាធិបតេយ្យ តែគាំទ្ររបបខ្មែរក្រហម ដែលជារបបកាប់សម្លាប់ប្រជាពលរដ្ឋខ្មែរ។
សម្តេចបញ្ជាក់បន្តថា «ខ្ញុំតែងតែដាស់តឿនថា អ្នកឯងសូមកុំធ្វើកំហុសទី៣ សម្រាប់ប្រទេសរបស់ខ្ញុំ អ្នកឯងសុទ្ធតែតាំងខ្លួនប្រជាធិបតេយ្យប៉ុន្តែប្រជាធិបតេយ្យរបស់អ្នកឯងទី១.គាំទ្ររដ្ឋប្រហារយោធា ទី២. គាំទ្រអ្នកដែលសម្លាប់ប្រជាជន ហើយអ្នកឯងថាខ្លួនប្រជាធិបតេយ្យ និងគោរពសិទ្ធិមនុស្ស» ៕
