សម្ដេចតេជោ ហ៊ុន សែន ផ្ដល់អគារសិក្សាថ្មី ទីចាត់ការ និងផ្ទះគ្រូស្នាក់នៅវិទ្យាល័យមួយក្នុងស្រុកគងពិសី តាមសំណូមពរឪពុកក្មេក យឹម ស៊ីណន

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានឲ្យដឹងថា សម្តេចបានផ្តល់អគារសិក្សាថ្មី ទីចាត់ការ និងផ្ទះគ្រូស្នាក់នៅ សម្រាប់វិទ្យាល័យ ហ៊ុន សែន ជ្រៃហូព្នៅ ស្ថិតឃុំវាល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ តាមសំណូមពររបស់ឪពុកក្មេក លោក យឹម ស៊ីណន អតីតអ្នកគាំទ្រគណបក្សប្រឆាំង បានមកសុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។
ក្នុងឱកាសអញ្ជើញប្រគល់សញ្ញាបត្រជូនគរុសិស្ស គរុនិស្សិត និស្សិត និងបុគ្គលិកអប់រំជាង២ពាន់នាក់ នាថ្ងៃទី២៥ ខែមេសា សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា «ឪពុកក្មេក យឹម ស៊ីណន ជាគ្រូបង្រៀន មានសិស្សជាង៩០០នាក់ ប៉ុន្ដែសាលាមានតែ១០បន្ទប់ ។ ម្សិលមិញតាមរយៈសំណូមពររបស់គាត់ខ្ញុំបានឲ្យអគារ៣ជាន់ ៣០បន្ទប់ សម្រាប់ការសិក្សា អគារទីចាត់ការដែលមានទាំងបណ្ណាល័យ ផ្ទះគ្រូបង្រៀន២០បន្ទប់ កម្ពស់ពីរជាន់» ៕
