សម្តេចតេជោ ហ៊ុន សែន៖ បើសិនបក្សប្រជាជន បន្តគ្រប់គ្រងអំណាចវាច្បាស់ណាស់ថា ប្រទេសនេះមានស្ថេរភាព សន្តិភាព និងការអភិវឌ្ឍ

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអះអាងថា បើសិនជាគណបក្សប្រជាជនបន្តគ្រប់គ្រងអំណាចវាច្បាស់ណាស់ថា ប្រទេសនេះមានស្ថេរភាព មានសន្តិភាព និងមានការអភិវឌ្ឍ ។
ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស អគារមន្ទីរពេទ្យបង្អែកស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ នៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា៖ «ខ្ញុំមានកាតព្វកិច្ចនិយាយប្រាប់ប្រជាពលរដ្ឋថា បើសិនជាគណបក្សប្រជាជនបន្តគ្រប់គ្រងអំណាចវាច្បាស់ណាស់ថា ប្រទេសនេះមានស្ថេរភាព មានសន្តិភាព និងមានការអភិវឌ្ឍ។ សម្រាប់គណបក្សដទៃអ្នកទាំងអស់គ្នាច្បាស់ហើយ ឬនៅ? ក្រែងលោវារត់ជាន់គ្នានុស ប៉ុន្តែ ក្នុងពេលដែលគណបក្សប្រជាជនគ្រប់គ្រងអំណាច គឺអត់មានរត់ទៅណាទេ»។
សម្តេចតេជោបន្ថែមថា បច្ចុប្បន្ននេះ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ទទួលបានការដំឡើងប្រាក់បៀវត្សជាបន្តបន្ទាប់។ ដែលខុសស្រឡះពីគណបក្សនយោបាយមួយចំនួនបានយករបៀបវារៈនៃប្រាក់ខែរបស់មន្ត្រីរាជការមកដេញថ្លៃនៅក្នុងរដូវឃោសនាបោះឆ្នោតទៅវិញ។
សម្ដេចបានបន្តថា ដូច្នេះ សង្ឃឹមថា ប្រជាពលរដ្ឋកម្ពុជាមិនភ្លេចគណបក្សប្រជាជនកម្ពុជា ដោយអញ្ជើញចូលរួមបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ឱ្យឈ្នះភ្លុកទឹក ភ្លុកដី ដើម្បីបន្តដឹកនាំប្រទេសកម្ពុជា ឱ្យមានការរីកចម្រើនបន្ថែមទៀត ក្រោមដំបូលនៃសុខសន្តិភាព។
សម្តេចតេជោ ក៏បានថ្លែងអំណរគុណដល់អ្នកស្រុកក្រូចឆ្មារ បានបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា និងរំពឹងថាប្រជាពលរដ្ឋនៅស្រុកក្រូចឆ្មារ នឹងបន្តបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ក្នុងដំណើរបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ ឱ្យបានគ្រប់ៗគ្នា។
