នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត៖ ការកែទម្រង់កងទ័ពត្រូវបានអនុវត្តជាប់ជាប្រចាំ និងសម្រេចបាននូវសមិទ្ធផលជាច្រើន

ភ្នំពេញ៖ នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានមានប្រសាសន៍ថា ការកែទម្រង់កងទ័ពត្រូវបានអនុវត្តជាប់ជាប្រចាំ និងសម្រេចបាននូវសមិទ្ធផលជាច្រើនមកហើយ ជាពិសេសក្នុងវិស័យហ្វឹកហ្វឺន។
នាយឧត្តមសេនីយ៍បានថ្លែងបែបនេះក្នុងឱកាសអញ្ជើញអញ្ជើញសម្ពោធសមិទ្ធផលនានា និងបិទវគ្គហ្វឹកហ្វឺនជំនាញឆត្រយោងជំនាន់ទី៣៤, វគ្គហ្វឹកហ្វឺនជំនាញឆត្របញ្ជាជំនាន់ទី៦, វគ្គហ្វឹកហ្វឺនជំនាញឯកទេសមុជទឹកជំនាន់ទី៩ និងវគ្គហ្វឹកហ្វឺនជំនាញប្រឆាំងភេរវកម្មជំនាន់ទី៥ នៅសាលាហ្វឹកហ្វឺនទ័ពពិសេសតេជោសែនឱរ៉ាល់ ខេត្តកំពង់ស្ពឺ នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៣។
នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត បានបញ្ជាក់ថា “ការកែទម្រង់កងទ័ពត្រូវបានអនុវត្តជាប់ជាប្រចាំ និងសម្រេចបាននូវសមិទ្ធផលជាច្រើនមកហើយ ជាពិសេសក្នុងវិស័យហ្វឹកហ្វឺន ដែលផ្តោតលើគោលបំណងជាអាទិភាពចំនួន ២ គឺ៖ ទី១. ការបង្កើនសមត្ថភាព និងប្រសិទ្ធភាពឆ្លើយតបចំពោះបញ្ហាប្រឈមផ្នែកសន្តិសុខស្របទៅតាមការវិវត្តប្រែប្រួលនៃសភាពការណ៍, និងទី២. ការធានាភាពម្ចាស់ការឯករាជ្យក្នុងការហ្វឹកហ្វឺន ដើម្បីពង្រឹងនិរន្តភាពនៃសមត្ថភាពឆ្លើយតបចំពោះបញ្ហាប្រឈមទាំងក្នុងសមរភូមិបែបប្រពៃណី ដែលសំដៅដល់ការប្រយុទ្ធបែបកម្លាំងទល់នឹងកម្លាំង និងសមរភូមិមិនមែនប្រពៃណី ដែលសំដៅដល់ការប្រយុទ្ធនឹងអំពើភេរវកម្ម និងគ្រោះមហន្តរាយនានា ជាដើម”។
នាយឧត្តមសេនីយ៍ ក៏បានចូលរួមអបអរសាទរចំពោះការសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវសមិទ្ធផលជាច្រើន រួមមានជាអាទិ៍៖ ស្ពានឆ្លងស្ទឹងតាសាល, ផ្លូវ និងលូភ្ជាប់ពីសាលាឆត្រយោងទៅសាលាទ័ពពិសេស, អគារពហុសិក្សា, សំណង់បច្ចេកទេសលោឆត្រ (Tower), អគារស្នាក់នៅរបស់កងឧទ្ធម្ភាគចក្រ និងកងការពារ ដែលត្រូវបានកសាងឡើងក្រោមការជួយឧបត្ថម្ភគាំទ្រពីសំណាក់ សម្តេចតេជោ នាយករដ្ឋមន្ត្រី និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងអង្គភាពសម្ព័ន្ធមេត្រីភាព និងសប្បុរសជននានា។
នាយឧត្តមសេនីយ៍ បន្ថែមថា ទាំងអស់នេះ គឺពិតជាបានស្តែងឱ្យឃើញនូវកិច្ចខិតខំប្រឹងប្រែងរួមគ្នាដោយឈរលើវប្បធម៌នៃការចែករំលែកដើម្បីបុព្វហេតុរួម គឺការកសាងមូលដ្ឋាននៃកិច្ចការពារជាតិ ដើម្បីធានាបាននូវសន្តិភាពស្ថិតស្ថេរយូរអង្វែង និងការកសាងឱកាសសម្រាប់ការអភិវឌ្ឍជាតិ៕

