ឧត្ដមសេនីយ៍ឯក ហ៊ុន ម៉ាណែត ឲ្យនាយក នាយករង ជាថ្នាក់ដឹកនាំសាលាពលទាហានទី៥ ខិតខំបំពេញភារកិច្ច ៣សំខាន់

ភ្នំពេញ៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានណែនាំឲ្យនាយក នាយករង ជាថ្នាក់ដឹកនាំសាលាពលទាហានទី៥ យោធភូមិភាគទី៥ កងទ័ពជើងគោក ខិតខំបំពេញភារកិច្ច ៣សំខាន់ ។
ក្នុងពិធីប្រកាសតែងតាំងផ្លាស់ប្តូរមុខតំណែង បំពាក់ឋានន្តរស័ក្តិជូននាយទាហាន នៃកងយោធពលខេមរភូមិន្ទ និងសម្ពោធសមិទ្ធផលនានា នៅសាលាពលទាហានទី៥ យោធភូមិភាគទី៥ កងទ័ពជើងគោក នាថ្ងៃទី១៤ មីនា ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានចូលរួមអបអរសាទរជាមួយនាយទាហាន ដែលទទួលបានការទុកចិត្តពីព្រះមហាក្សត្រ រាជរដ្ឋាភិបាល ក្រសួងការពារជាតិ អគ្គបញ្ជាការដ្ឋាន និងបញ្ជាការដ្ឋានកងទ័ពជើងគោក ចំពោះការតែងតាំងមុខតំណែងថ្មីក្នុងជួរថ្នាក់ដឹកនាំសាលាពលទាហានទី៥ ដែលស័ក្តិសមទៅនឹងសមត្ថភាព, លក្ខណៈសម្បត្តិ, គុណបំណាច់ និងស្នាដៃដែលបានខិតខំប្រឹងប្រែងបំពេញជូនជាតិមាតុភូមិ ប្រកបដោយស្មារតីទទួលខុសត្រូវនារយៈកាលកន្លងមក ហើយក៏ជាការផ្តល់នូវទំនុកចិត្ត និងឱកាសក្នុងការចូលរួមដឹកនាំពង្រឹងយោធភូមិភាគទី៥ និងសាលាពលទាហានទី៥ តទៅខាងមុខទៀត។
ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត គូសបញ្ជាក់ថា ផ្តើមចេញពីមូលដ្ឋាននេះ សូមនាយក នាយករង ជាថ្នាក់ដឹកនាំសាលា ខិតខំបំពេញភារកិច្ច ៣ សំខាន់៖ ទី១. ថែរក្សាសមិទ្ធផលដែលថ្នាក់ដឹកនាំជំនាន់មុនបានបន្សល់ទុកឱ្យ ទី២. កសាង និង ពង្រីកសមិទ្ធផលវិជ្ជមានបន្ថែមទៀតលើគ្រប់វិស័យ ជាមួយនឹងការធ្វើទំនើបកម្មឥតឈប់ឈរទាំងលើកត្តាមនុស្ស និងកត្តាសម្ភារ និង ទី៣. ខិតខំរៀបចំមូលដ្ឋានសម្រាប់កម្លាំងបន្តវេន ៕
