មេបញ្ជាការកងទ័ពជើងគោក៖ ការហ្វឹកហ្វឺន ជាមធ្យោបាយគន្លឹះ នៃការធានាសមត្ថភាពកងទ័ព និងនិរន្តភាពនៃកិច្ចការពារជាតិ

ភ្នំពេញ៖ ឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានថ្លែងថា ការហ្វឹកហ្វឺន គឺជាមធ្យោបាយគន្លឹះ នៃការធានាសមត្ថភាពកងទ័ព និងនិរន្តភាពនៃកិច្ចការពារជាតិ ។
ក្នុងពិធីប្រកាសតែងតាំងផ្លាស់ប្តូរមុខតំណែង បំពាក់ឋានន្តរស័ក្តិជូននាយទាហាន នៃកងយោធពលខេមរភូមិន្ទ និងសម្ពោធសមិទ្ធផលនានា នៅសាលាពលទាហានទី៥ យោធភូមិភាគទី៥ កងទ័ពជើងគោក នាថ្ងៃទី១៤ ខែមីនា ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានចូលរួមអបអរសាទរចំពោះការ សម្ពោធដាក់ឱ្យប្រើប្រាស់ ជាផ្លូវការនូវសមិទ្ធផលនានាជាច្រើន ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្តល់ជូនសាលាពលទាហានទី៥ ដែលកន្លងមកនេះសម្រេចបាននូវសមិទ្ធផលការងារគួរជាទីមោទនៈ តាមរយៈតួនាទីស្នូលដ៏សំខាន់ក្នុងនាមជាថ្នាលហ្វឹកហ្វឺនបណ្តុះបណ្តាលជំនាញទ័ពថ្មើរជើងសម្រាប់យោធិនទូទាំងយោធភូមិភាគទី៥ ចាប់តាំងពីដំណាក់កាលដំបូងនៃបង្កើតយោធភូមិភាគនេះ នៅចុងទសវត្សរ៍ឆ្នាំ៨០។
ឯកឧត្ដមឧត្តមសេនីយ៍ឯកបញ្ជាក់ថា «ការហ្វឹកហ្វឺន គឺជាមធ្យោបាយគន្លឹះនៃការធានាសមត្ថភាពកងទ័ព និងនិរន្តភាពនៃកិច្ចការពារជាតិ។ ក្នុងន័យនេះ សាលាហ្វឹកហ្វឺន គឺជាកន្លែងដ៏មានសារៈសំខាន់សម្រាប់បណ្តុះបណ្តាលយោធិននៃកងយោធពលខេមរភូមិន្ទឱ្យមានឆន្ទៈស្មោះត្រង់មោះមុតដាច់ខាត ស្មារតីប្រយុទ្ធរឹងមាំ ទឹកចិត្តតស៊ូក្លាហាន និងប្រកបដោយជំនាញច្បាស់លាស់ តាមរយៈការអភិរក្សផ្នែកស្មារតី និងការធ្វើទំនើបកម្មផ្នែកសម្ភារ ដើម្បីបម្រើឱ្យបុព្វហេតុការពារជាតិ និងប្រជាជន ពីមួយជំនាន់ទៅមួយជំនាន់» ៕


