សម្តេចតេជោ ហ៊ុន សែន៖ បើមិនប្រឹងបង្កើតប្រភពថាមពលអគ្គិសនីទេ កម្ពុជានឹងនៅតែដុតចន្លុះ និងប្រើចង្កៀងប្រេងកាត

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បើមិនប្រឹងបង្កើតប្រភពថាមពលអគ្គិសនីទេ កម្ពុជានឹងនៅតែដុតចន្លុះ និងប្រើចង្កៀងប្រេងកាត ។
ក្នុងពិធីជួបសំណេះសំណាល ជាមួយប្រជាពលរដ្ឋ ដែលបានផ្លាស់ប្តូរទីលំនៅទៅទីតាំងថ្មី និងត្រួតពិនិត្យការដ្ឋានសាងសង់ វារីអគ្គិសនីស្ទឹងពោធិ៍សាត់១ ស្ថិតនៅឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ នាថ្ងៃទី១៤ មីនានេះ សម្ដេចតេជោ ហ៊ុន សែន បានចោទសួរ ទៅកាន់អ្នកបរិស្ថាននិយម ដែលជំទាស់ការប្រឹងប្រែងបង្កើតប្រភពថាមពលអគ្គិសនីថា តើចង់វិលទៅដុតចន្លុះវិញ ឬយ៉ាងណា?
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា «មនុស្សមួយចំនួន បាននិយាយទប់ស្កាត់នូវការផលិតអគ្គិសនីប្រើដោយវារីអគ្គិសនី ប៉ុន្តែពួកគេក៏ទាមទារការដោះស្រាយអគ្គិសនីឲ្យពួកគេ។ តើដោះស្រាយរបៀបម៉េចទៅ? ប្រេងថាថ្លៃពេក ធ្យូងថ្មថាបំពុលបរិស្ថាន ដល់វារីអគ្គិសនីថាបំផ្លាញព្រៃ បង្កើតឲ្យមានទឹកលិចផ្ទៃដីមួយចំនួន។ អញ្ចឹងតើយើងត្រូវវិលត្រលប់ទៅដុតចន្លុះ ចង្កៀងប្រេងកាត និងដុតទៀត ឬយ៉ាងម៉េច?»។
សម្តេចតេជោ បន្ថែមថា អគ្គិសនី មិនត្រឹមតែបំពេញការប្រើប្រាស់ របស់ប្រជាពលរដ្ឋប៉ុណ្ណោះទេ តែក៏បំពេញដល់តម្រូវការឧស្សាហកម្ម និងទេសចរណ៍ផងដែរ ៕
