សម្តេចតេជោ៖ ទន្លេមេគង្គ និងទន្លេសាប លែងឆ្ងាយពីគ្នាហើយ តាមរយៈគម្រោងតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធផ្លូវ ក្រចេះកំពង់ធំ និងកំពង់ធំ-កំពង់ឆ្នាំង

ភ្នំពេញ៖ នាយករដ្ឋមន្រ្តីកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ទន្លេមេគង្គ និងទន្លេសាប លែងឆ្ងាយពីគ្នាហើយ តាមរយៈគម្រោងតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធផ្លូវ រវាងខេត្តក្រចេះ-ខេត្តកំពង់ធំ និងខេត្តកំពង់ធំ-ខេត្តកំពង់ឆ្នាំង។
នៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីភាពបើកពិធីបុណ្យទន្លេលើកទី៧ ដែលប្រារព្ធឡើងនៅសួនច្បារស្ទឹងសែន ក្នុងខេត្តកំពង់ធំ។
នៅក្នុងពិធីសម្តេចតេជោ បន្តថា ការដ្ឋានសាងសង់ពីខេត្តក្រចេះ មកកំពង់ធំ បានចាប់ផ្តើមហើយដើមឆ្នាំ២០២៣នេះ ខណៈផ្លូវ និងស្ពានតភ្ជាប់ខេត្តកំពង់ឆ្នាំង និងកំពង់ធំ នឹងចាប់ផ្តើមបើកការដ្ឋាននៅឆ្នាំ២០២៤។
សម្ដេចបញ្ជាក់ថា “ទន្លេសាប និងទន្លេមេគង្គ ដែលពីមុននេះ នៅឆ្ងាយពីគ្នា វាបានបង្ខិតមកជិតគ្នា តាមរយៈការតភ្ជាប់ ហេដ្ឋារចនាសម្ព័ន្ធ ផ្នែកដឹកជញ្ជូន”។
សម្តេចតេជោ ហ៊ុន សែន ក៏បានណែនាំឱ្យក្រសួង ស្ថាប័នពាក់ព័ន្ធ និងរដ្ឋបាលខេត្តជុំវិញបឹងទន្លេសាប ត្រូវបន្តជំរុញកិច្ចការវាស់វែង និងឆ្វៀលដីចេញពីតំបន់២ និងតំបន់៣ នៃផ្ទៃបឹងទន្លេសាប ឱ្យបានចប់សព្វគ្រប់ និងឆាប់រហ័ស ដើម្បីផ្តល់កម្មសិទ្ធិជូនប្រជាពលរដ្ឋនៅតំបន់១ និងការអាស្រ័យផលនៅតំបន់២ និងបន្តរស់នៅអាស្រ័យផលនៅតំបន់៣៕
