ឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាលតែងយកចិត្តទុកដាក់ និងផ្តល់អាទិភាពខ្ពស់ សម្រាប់ការគាំទ្រដល់ការលូតលាស់ នៃវិស័យកាត់ដេរ ពិសេសសុខុមាលភាពរបស់កម្មករនិយោជិត

ភ្នំពេញ៖ ក្នុងពិធីសម្ពោធរោងចក្រ Aroma Success Garment Co., LTD. នៅខេត្តកំពង់ស្ពឺ នាថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៣ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត បានលើកឡើងថា ដោយសារការរួមចំណែកយ៉ាងសំខាន់នៃវិស័យកាត់ដេរ, រាជរដ្ឋាភិបាលតែងយកចិត្តទុកដាក់ និងផ្តល់អាទិភាពខ្ពស់សម្រាប់ការគាំទ្រ ដល់ការលូតលាស់នៃវិស័យនេះ ជាពិសេសសុខុមាលភាពរបស់កម្មករ-និយោជិត។
នាឱកាសនោះដែរបណ្ឌិត ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា ក្នុងអំឡុងពេលនៃការឆ្លងរាលដាលនៃជំងឺកូវីដ-១៩, កម្មករ-និយោជិត នៅក្នុងវិស័យកាត់ដេរត្រូវបានចាត់ទុកជាក្រុមអាទិភាព ដែលអាចទទួលបានការចាក់វ៉ាក់សាំងមុនគេ ហើយចំពោះកម្មករ-និយោជិតដែលត្រូវបានព្យួរការងារ គឺម្នាក់ៗក៏ទទួលបានប្រាក់ឧបត្ថម្ភចំនួន ៤០ ដុល្លារអាម៉េរិកក្នុងមួយខែពីរាជរដ្ឋាភិបាល និងការបណ្តុះបណ្តាលដើម្បីពង្រឹងសមត្ថភាព និងឱកាសការងារបន្ថែមទៀត។
ឯកឧត្តមបណ្ឌិត បន្ថែមថា ក្រៅពីនេះ, រាជរដ្ឋាភិបាលក៏បានដាក់ចេញនូវវិធានការគាំទ្រជាច្រើន ដើម្បីជួយដល់រោងចក្រ-សហគ្រាសនៅក្នុងវិស័យនេះ ដូចជា៖ ការលើកលែងពន្ធ, ការសម្រួលនីតិវិធី និងការបង្កនូវភាពងាយស្រួលសម្រួលដល់ការនាំចូលវត្ថុធាតុដើម រួមទាំងការលើកលែងកាតព្វកិច្ចបង់ភាគទាន ជាដើម ។
ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត គូសបញ្ជាក់ថា សម្រាប់ឆ្នាំ ២០២៣ នេះ, ប្រាក់ឈ្នួលអប្បបរមាសម្រាប់បងប្អូនកម្មករ-និយោជិតក្នុងវិស័យកាត់ដេរ បានកើនឡើងដល់ ២០០ ដុល្លារ ក្នុងមួយខែ សម្រាប់កម្មករ-និយោជិតពេញសិទ្ធ និងនៅមានប្រាក់អត្ថប្រយោជន៍ផ្សេងទៀត ដូចជា៖ ប្រាក់រង្វាន់ធ្វើការទៀងទាត់, ប្រាក់សោហ៊ុយធ្វើដំណើរ និងស្នាក់នៅ, ប្រាក់អតីតភាពការងារ និងសេវាធានារ៉ាប់រងរបស់បេឡាជាតិសន្តិសុខសង្គម ដែលផ្តល់សេវាថែទាំសុខភាពដោយឥតគិតថ្លៃ ៕
