សម្តេចតេជោ ហ៊ុន សែន៖ អ្វីដែលយើងត្រូវធ្វើដើម្បីអំណាចស្ត្រីនោះ គឺត្រូវធ្វើយ៉ាងណាឱ្យស្ត្រីមានកម្រិតសេដ្ឋកិច្ចល្អប្រសើរ

ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា អ្វីដែលយើងត្រូវធ្វើដើម្បីអំណាចស្ត្រីនោះ គឺត្រូវធ្វើយ៉ាងណាឱ្យស្ត្រីមានកម្រិតសេដ្ឋកិច្ចល្អប្រសើរ ។
ក្នុងពិធីអបអរសាទរទិវាអន្តរជាតិនារី ៨ មីនា ខួបលើកទី១១២ នៅវិមានសន្តិភាព នាថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៣នេះ សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ពិធីអបអរសាទរទិវាអន្តរជាតិនារី ៨ មីនា ត្រូវបានពិភពលោកប្រារព្វធ្វើឡើងជារៀងរាល់ឆ្នាំ ដើម្បីរំលឹកនូវការតស៊ូ និងគំរូវីរភាពរបស់នារីៗក្នុងការទាមទារសិទ្ធិសេរី និងគេចផុតពីទង្វើជិះជាន់នានា។ សម្រាប់នៅកម្ពុជាមិនថា តែសិទ្ធិនារី ឬបុរសនោះឡើយ គឺត្រូវបានបាត់បង់អស់ក្នុងរបបកម្ពុជាប្រជាធិបតេយ្យរបស់បនប្រល័យពូជសាសន៍ ប៉ុល ពត។
សម្ដេចគូសបញ្ជាក់ថា សិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋខ្មែរ ព្រមទាំងស្ត្រីផងបានកើតមានជាថ្មីក្រោយរបបដ៏យង់ឃ្នងរបស់ ប៉ុល ពត ត្រូវបានវាយផ្តួលរំលំនៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩។ ចាប់តាំងពីថ្ងៃរំដោះរហូតដល់ពេល បច្ចុប្បន្នរាជរដ្ឋាភិបាលកម្ពុជា តែងបានយកចិត្តទុកដាក់ជានិច្ច ក្នុងការលើកកម្ពស់ស្រ្តី រហូតបង្កើតបានជាពាក្យស្លោកថា «ស្រ្តីជាឆ្អឹងខ្នងសេដ្ឋកិច្ចជាតិ»។
សម្តេចតេជោ ហ៊ុន សែន ពិតជារីករាយដែលបានអញ្ជើញចូលរួមនៅក្នុងពិធីអបអរសាទរទិវាអន្តរជាតិ៨ មីនា លើកទី១១២ ឆ្នាំ២០២៣នេះ។ សម្ដេចតេជោបានវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់ក្រសួងកិច្ចការនារីនាពេលកន្លងមកជាពិសេសក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រីដែលបានខិតខំប្រឹងប្រែងជំរុញការងារស្ត្រីឲ្យទទួលបាននូវភាពជោគជ័យនាពេលបន្តបន្ទាប់។
សម្ដេចតេជោបានមានប្រសាសន៍ថា «អ្វីដែលយើងត្រូវធ្វើដើម្បីអំណាចស្ត្រីនោះ គឺត្រូវធ្វើយ៉ាងណាឱ្យស្ត្រីមានកម្រិតសេដ្ឋកិច្ចល្អប្រសើរ ព្រោះកត្តាសេដ្ឋកិច្ចនេះហើយ គឺជាការសម្រេចដ៏ធំរបស់ស្ត្រីនាពេលបច្ចុប្បន្ន» ៕
