ឯកឧត្ដម សាយ សំអាល់ ទទួលជួប តំណាងអង្គការ WCS ដើម្បីពិភាក្សាលើគំនិតផ្តួចផ្តើមគម្រោងមួយ ដែលនឹងទទួលការគាំទ្រ ពីមូលនិធីអាកាសធាតុបៃតង

ភ្នំពេញ៖ ឯកឧត្ដម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានទទួលជួបលោកបណ្ឌិត Sandy J. Andelman តំណាងអង្គការសមាគមអភិរក្សសត្វព្រៃ(WCS) ដើម្បីពិភាក្សាលើគំនិតផ្តួចផ្តើមគម្រោងមួយ ដែលនឹងទទួលការគាំទ្រពីមូលនិធីអាកាសធាតុបៃតង។
ជំនួបខាងលើ បានពិភាក្សាផ្តោតសំខាន់លើការងារ ចំនួន៣ រួមមាន៖ (១)ការផ្តល់កម្ចីការប្រាក់ទាបជូនដល់ប្រជាសហគមន៍មូលដ្ឋាន តាមរយៈធនាគារជាដៃគូក្នុងស្រុក (២)ការជួយការពារព្រៃឈើឱ្យបានកាន់តែល្អ ដើម្បីចូលរួមចំណែកក្នុងកាត់បន្ថយឧស្ម័នផ្ទះកញ្ចក់និងការប្រែប្រួលអាកាសធាតុ និង(៣)ការផ្តល់ជាជំនួយបច្ចេកទេសលើការគ្រប់គ្រងឥណទានកាបូន។
ជំនួបនេះធ្វើឡើងកំឡុងពេលឯកឧត្តមរដ្ឋមន្រ្តី អញ្ជើញបំពេញបេសកកម្មផ្លូវការតំណាងរាជរដ្ឋាភិបាលកម្ពុជា នៅទីក្រុងលីប្រីវីល សាធារណរដ្ឋហ្គាបុង ចាប់ពីថ្ងៃទី១-២ ខែមីនា ឆ្នាំ២០២៣។

