ឯកឧត្ដម ហ៊ុន ម៉ាណែត លើកទឹកចិត្តបន្ថែមទៀត ដល់ក្រុមហ៊ុនអាមេរិកឲ្យបន្តវិនិយោគ និងធ្វើធុរកិច្ច នៅកម្ពុជា ដែលជាប្រទេសកំពុងអភិវឌ្ឍន៍ ក្នុងល្បឿនយ៉ាងលឿនស្ទើរគ្រប់វិស័យ

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានលើកទឹកចិត្តបន្ថែមទៀត ដល់ក្រុមហ៊ុនអាមេរិកទាំងអស់ឲ្យបន្តវិនិយោគ និងធ្វើធុរកិច្ច នៅកម្ពុជាដែលជាប្រទេសកំពុងអភិវឌ្ឍន៍ក្នុងល្បឿន យ៉ាងលឿនស្ទើរគ្រប់វិស័យ ។
ការលើកទឹកចិត្តរបស់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ក្នុងឱកាសអនុញ្ញាត ឲ្យគណៈប្រតិភូ ក្រុមប្រឹក្សាធុរកិច្ចអាមេរិកអាស៊ាន ដឹកនាំដោយឯកឧត្តម Michael Malacka ឯកអគ្គរដ្ឋទូត ជាអនុប្រធាន និងនាយកប្រតិបត្តិប្រចាំតំបន់ ចូលជួបពិភាក្សាការងារធុរកិច្ច និងវិនិយោគ នៅសណ្ឋាគារ Hyatt Regency រាជធានីភ្នំពេញ នៅដើមសប្តាហ៍នេះ។
នាឱកាសនោះ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានសម្ដែងនូវ ការស្វាគមន៍យ៉ាងកក់ក្តៅដល់គណៈប្រតិភូក្រុមប្រឹក្សាធុរកិច្ចអាមេរិកអាស៊ាន ដែលបានដឹកនាំក្រុមការងារ ដែលជាក្រុមហ៊ុនរបស់សហរដ្ឋអាមេរិកមកទស្សនកិច្ចជារៀងរាល់ឆ្នាំនៅកម្ពុជា ដើម្បីផ្តល់ដំណោះស្រាយធុរកិច្ច និងបង្កើនឱកាសវិនិយោគពីអាមេរិកមកកម្ពុជា។
ក្នុងឱកាសជាមួយគ្នានោះដែរ ឯកឧត្តមឯកអគ្គរដ្ឋទូត Michael Malacka អនុប្រធាន និងនាយកប្រតិបត្តិប្រចាំតំបន់ របស់ក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ដែលបានផ្តល់ឱកាសលើកដំបូងបំផុតដល់គណៈប្រតិភូក្រុមប្រឹក្សាធុរកិច្ចបានជួបសំដែងការគួរសម និងពិភាក្សាការងារ បន្ទាប់ពីឯកឧត្តមត្រូវបានគណៈកម្មាធិការកណ្តាល នៃគណបក្សប្រជាជនកម្ពុជាផ្តល់សេចក្តីទុកចិត្ត ជ្រើសតាំងជាបេក្ខភាពនាយករដ្ឋមន្ត្រីបន្តវេន នាពេលអនាគត ៕
