ឧត្តមសេនីយ៍ឯក សាយ ម៉ងឈាង៖ ការស្នើសុំបន្ថែមសមាជិក ឬលុបចេញក្នុងសៀវភៅគ្រួសារ ត្រូវមកមន្ត្រីប៉ុស្តិ៍នគរបាលរដ្ឋបាល ដោយមានការបញ្ជាក់អំពីមូលហេតុនៃការស្នើសុំ

ភ្នំពេញ៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក សាយ ម៉េងឈាង អគ្គនាយករង នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានបញ្ជាក់ថា ការស្នើសុំបន្ថែមសមាជិក ឬលុបចេញក្នុងសៀវភៅគ្រួសារ សហព័ទ្ធ (ប្តីឬប្រពន្ធ) នៃគ្រួសារណាមួយ ត្រូវមកមន្ត្រីប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ ដោយមានការបញ្ជាក់អំពីមូលហេតុនៃការស្នើសុំ នឹងភ្ជាប់ឯកសារណាមួយមានដូចខាងក្រោម៖
១. ការបន្ថែមសមាជិកក្នុងសៀវភៅគ្រួសារ
-កូនទើបកើតត្រូវមានសេចក្តីចម្លងសំបុត្រកំណើត ឬសំបុត្របញ្ជាក់កំណើត
-សហព័ទ្ធ (ប្តីឬប្រពន្ធ) ត្រូវមានសេចក្តីចម្លងសំបុត្រអាពាហ៍ពិពាហ៍ ឬសំបុត្របញ្ជាក់អាពាហ៍ពិពាហ៍
-កូនស្មុំ ត្រូវមានសាលក្រមតុលាការ។
២. ការលុបសមាជិកចេញពីសៀវភៅគ្រួសារ
-ផ្តាច់សមគ្គសង្វាស ត្រូវមានសាលក្រមលែងលះ
-កូនដែលត្រូវឪពុកម្តាយកាត់កាល ត្រូវមានសាលក្រមកាត់កាល
-ពលរដ្ឋខ្មែរលះបង់សញ្ជាតិ ត្រូវមានព្រះរាជក្រឹត្យលះបង់សញ្ជាតិខ្មែរ។
ឯកឧត្តម ឧត្តមសេនីយ៍ឯក អគ្គនាយករង បានបន្ថែមថាសម្រាប់ព័ត៌មានបន្ថែម សូមលោកអ្នក Download កម្មវិធី GDI eServices ដើម្បីមើល ឬសាកសួរព័ត៌មាន ឬទំនាក់ទំនងលេខ ១២៧១ / ០១៧ ៨៩៨ ៩១៥ រៀងរាល់ថ្ងៃច័ន្ទដល់សុក្រ ក្នុងម៉ោងធ្វើការ។ មន្ត្រីជំនាញរង់ចាំទទួល ផ្តល់ព័ត៌មាន និងដោះស្រាយជូន ៕

