លោកជំទាវកិត្តិសង្គហបណ្ឌិត ឃួន សុដារី ទទួលជួបសវនាការជាមួយ នាយិកា អង្គការយូអិនអេដស៍ប្រចាំនៅកម្ពុជា (UNAIDS)

ភ្នំពេញ៖ លោកជំទាវកិត្តិសង្គហបណ្ឌិត ឃួន សុដារី អនុប្រធានកាកបាទក្រហមកម្ពុជា និងជាប្រធានក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិនៃវេទិកាភាពជាអ្នកដឹកនាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក ឆ្លើយតបមេរោគអេដស៍ ជំងឺអេដស៍ និងការអភិវឌ្ឍនៅកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិនៃផែនការសកម្មភាពរួមអគ្គលេខាធិការអង្គការសហប្រជាជាតិ ដើម្បីសុខភាពស្ត្រី និងកុមារ នាព្រឹកថ្ងៃចន្ទ ទី ២៧ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បានអញ្ជើញទទួលជួបសវនាការជាមួយលោកស្រី ប៉ាទ្រីស៊ីយ៉ា អុងពីន (Patricia Ongpin) នាយិកា អង្គការយូអិនអេដស៍ប្រចាំនៅកម្ពុជា (UNAIDS) ដែលជំនួបនេះបានប្រព្រឹត្តទៅនៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា។
ក្នុងឱកាសនោះ លោកជំទាវកិត្តិសង្គហបណ្ឌិត ឃួន សុដារី បានសម្តែងនូវកិច្ចស្វាគមន៍យ៉ាងកក់ក្តៅចំពោះលោកស្រី ប៉ាទ្រីស៊ីយ៉ា អុងពីន និងបានពាំនាំប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្តាំផ្ញើសួរសុខទុក្ខ និងការសោកស្តាយដោយ សម្តេច មិនអាចអញ្ជើញមកជួបលោកស្រីដោយផ្ទាល់បាន។
ជាមួយគ្នានេះ លោកជំទាវកិត្តិសង្គហបណ្ឌិត បានជម្រាបជូនអំពីការងារសំខាន់ៗ និងកិច្ចខិតខំប្រឹងប្រែងរបស់កាកបាទក្រហមកម្ពុជា ចាប់តាំងពីមុនពេល និងបន្ទាប់ពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានទទួលគោរមងារទី១ កាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០០៦ ជាឥស្សរជនឆ្នើមថ្នាក់ជាតិនៃវេទិកាភាពជាអ្នកដឹកនាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក ឆ្លើយតបមេរោគអេដស៍ ជំងឺអេដស៍ និងការអភិវឌ្ឍនៅកម្ពុជា ដើម្បីចូលរួមឱ្យសម្រេចបានយុទ្ធសាស្ត្រសូន្យបី គឺ សូន្យគ្មានការឆ្លងមេរោគអេដស៍ថ្មី សូន្យគ្មានការស្លាប់ដោយសារមេរោគអេដស៍ និងសូន្យគ្មានការរើសអើងចំពោះអ្នកជំងឺមេរោគអេដស៍។
ក្នុងជំនួបខាងលើនេះ តំណាងភាគីទាំង២ បានលើកឡើងពីបញ្ហានៃការរើសអើងចំពោះអ្នកផ្ទុកមេរោគអេដស៍ ដែលមកទល់បច្ចុប្បន្នមានប្រមាណ ២%ប៉ុណ្ណោះ ហើយក្នុងចំណោមនេះ ភាគច្រើនគឺជាអ្នកផ្ទុកមេរោគអេដស៍ខ្លួនឯងដែលមានការរើសអើងចំពោះខ្លួនឯង។ បញ្ហាប្រឈមមួយចំនួនទៀតដែលបានលើកឡើងក្នុងកិច្ចពិភាក្សានេះដែរ គឺបញ្ហាដែលកំពុងតែកើតមានឡើងទៅលើក្រុមប្រឈមខ្ពស់ទាំង៤, បញ្ហាដែលអ្នកផ្ទុកមេរោគអេដស៍មិនព្រមទៅទទួលយកឱសថប្រឆាំងមេរោគអេដស៍ ក៏ដូចជាការកើនឡើងនូវអត្រាឆ្លងមេរោគអេដស៍ពីម្តាយទៅទារក ដោយសារតែវិបត្តិនៃជំងឺកូវីដ-១៩។ ហេតុដូចនេះ អ្វីដែលជាការគិតគូររួមគ្នារវាងកាកបាទក្រហមកម្ពុជា ក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ និងអង្គការយូអិនអេដស៍ គឺត្រូវបន្តលើកកម្ពស់ការអប់រំផ្សព្វផ្សាយ និងគិតគូរដល់ទារក/កុមារដែលកើតមកហើយមានផ្ទុកមេរោគអេដស៍នោះ បានទទួលការព្យាបាលដោយឱសថប្រឆាំងមេរោគអេដស៍។
អ្វីដែលជាការចាប់អារម្មណ៍របស់ លោកស្រី ប៉ាទ្រីស៊ីយ៉ា អុងពីន គឺបានបញ្ជាក់ថា៖ ក្នុងនាមជាអ្នកដឹកនាំមួយរូប, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន គឺមានភាពឈ្លាសវៃ និងមានទស្សនវិស័យខ្ពស់ ក្នុងការចូលរួមបញ្ចប់វិសមភាពនៃការទទួលសេវា ដែលក្នុងន័យនេះ កម្ពុជាបានធ្វើឱ្យសេវានៃការទទួលបានការព្យាបាលនេះ មិនស្ថិតនៅតែក្នុងទីក្រុងនោះឡើយ គឺបានរីកសាយគ្របដណ្តប់រហូតទៅដល់សហគមន៍។ ទន្ទឹមនឹងនេះ គឺការចាប់អារម្មណ៍ចំពោះការពង្រឹងនិងពង្រីកការអប់រំផ្សព្វផ្សាយពីការទប់ស្កាត់មេរោគអេដស៍ ជំងឺអេដស៍នេះ ឱ្យបានស៊ីជម្រៅ និងទូលំទូលាយដល់ចំណោមក្រុមប្រឈមខ្ពស់ទាំង៤ យុវវ័យ យុវជន និងនិស្សិតនៅតាមសាកលវិទ្យាល័យ ដោយសារការយល់ដឹងរបស់យុវជនបច្ចុប្បន្ននេះមានការធ្លាក់ចុះដោយសារវិបត្តិជំងឺ-១៩ ហើយដែលនេះគឺជាចំណុចត្រូវយកចិត្តទុកដាក់រួមគ្នា។
លោកជំទាវកិត្តិសង្គហបណ្ឌិត ឃួន សុដារី ក៏បានជម្រាបជូនលោកស្រីនាយិកាអង្គការយូអិនអេដស៍ ពីយន្តការក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ ដែលបានរៀបចំឡើង និងកែសម្រួលឡើងវិញនៅឆ្នាំ២០១៩ ហើយបានគ្របដណ្តប់ទៅដល់សាខាទាំង២៥រាជធានី-ខេត្តនៅឆ្នាំ២០២០ ដែលបាននិងកំពុងអនុវត្តការងារ ធ្វើការអប់រំផ្សព្វផ្សាយទូលំទូលាយបានទៅដល់សហគមន៍។
លោកជំទាវកិត្តិសង្គហបណ្ឌិត បានគូសបញ្ជាក់ថា ជារៀងរាល់ឆ្នាំ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន តែងតែផ្ញើសារលិខិតផ្ញើជូនបងប្អូនជនរួមជាតិ ក្នុងឱកាសទិវាជាតិសុខភាពមាតា ទារក និងកុមារ ២១កុម្ភៈ ទិវាឆ្មបជាតិ-អន្តរជាតិ៥ឧសភា និងទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ។
លោកស្រី នាយិកាអង្គការយូអិនអេដស៍ ក៏បានចែករំលែកបទពិសោធន៍នៃការបំពេញការងារនៅតាមបណ្តាប្រទេសនៅអាហ្វ្រិក ដែលមានអត្រាប្រេវ៉ាឡង់ខ្ពស់ ដែលបណ្តាប្រទេសទាំងនោះបានប្រើវិធីសាស្ត្រថ្មីៗ ប្រើប្រាស់ឱសថថ្មីៗ ទប់ស្កាត់ការចម្លងមេរោគអេដស៍នេះ។ ដោយឡែក សម្រាប់ប្រទេសកម្ពុជា យើងប្រើឱសថបង្ការមេរោគអេដស៍ជាមុន (ប្រឹប) ដែលបានប្រើនៅក្នុងចំណោមក្រុមគោលដៅប្រឈមខ្ពស់។ ចំណុចនេះ យូអិនអេដស៍ ក៏បានបញ្ជាក់ពីការសិក្សាបន្ថែមទៀតដោយប្រើថ្នាំចាក់សម្រាប់ព្យាបាល ប៉ុន្តែការប្រើថ្នាំចាក់នេះមានតម្លៃខ្ពស់ ដែលយូអិនអេដស៍ កំពុងតែគិតគូរចរចារជាមួយអ្នកផលិតថ្នាំ ធ្វើយ៉ាងណាឱ្យមានតម្លៃទាបណាមួយដែលម្នាក់ៗអាចទទួលយកសេវាព្យាបាលបាន។
ទន្ទឹមនឹងនេះ ក្នុងរយៈពេល៤ឆ្នាំនៃអាណត្តិរបស់លោកស្រី ប៉ាទ្រីស៊ីយ៉ា អុងពីន ជានាយិកាអង្គការយូអិនអេដស៍នៅកម្ពុជា លោកស្រី មានសង្ឃឹមជឿជាក់ថា ភាគីទាំងពីរនឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការ បន្តប្រឹងប្រែងរួមគ្នាក្នុងការដោះស្រាយបញ្ហាសកលរួមទាំងការទប់ស្កាត់ការចម្លងមេរោគអេដស៍ ជំងឺអេដស៍ និងជំងឺកូវីដ-១៩ ដែលមិនទាន់ទៅណាឆ្ងាយពីមនុស្សជាតិយើងដែរ ៕
