ឯកឧត្ដម ហ៊ុន ម៉ាណែត កោតសសើរថ្នាក់ដឹកនាំ សាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ ដែលជួយអភិវឌ្ឍគ្រឹះស្ថាន TVET ដោយមាននិស្សិតបញ្ចប់ការសិក្សាជាង ៦ម៉ឺននាក់រៀងរាល់ឆ្នាំ

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានកោតសសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ សាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ នៅតាមគ្រឹះស្ថានអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈសាធារណៈ និងឯកជន ដែលជាសមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជាទាំងអស់ ដែលបានរួមគ្នាជួយដល់ការអភិវឌ្ឍគ្រឹះស្ថាន TVET ទាំងគ្រឹះស្ថានសាធារណៈ និងឯកជន បានចំនួន ១០៧គ្រឹះស្ថាន ដោយមានសិក្ខាកាមសិស្ស-និស្សិតបានបញ្ចប់ការសិក្សាចំនួនជាង ៦ ម៉ឺននាក់រៀងរាល់ឆ្នាំ នៅទូទាំងប្រទេស។
ថ្លែងក្នុងពិធីសំណេះសំណាលជាមួយ នឹងសាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ នៅតាមគ្រឺះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈសាធារណៈ និង ឯកជន នាថ្ងៃទី២៦ ខែកុម្ភៈ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងបន្តថា ទន្ទឹមនឹងនេះ កន្លងទៅក៏បានចូលរួមយ៉ាងសកម្មក្នុងការងារសង្គម រួមទាំងការរៀបចំមណ្ឌលព្យាបាលជំងឺកូវីដ-១៩ កម្រិតស្រាល, ការចូលរួមក្នុងយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនដល់មន្ត្រីរាជការ និង កម្មករ-និយោជិត នៅតាមរោងចក្រ សហគ្រាស និងក្រុមហ៊ុនឯកជន ក៏ដូចជាកិច្ចការងារជាច្រើនផ្សេងទៀត ៕
