បណ្ឌិត ហ៊ុន ម៉ាណែត៖ បក្សប្រជាជនកម្ពុជា ជានិមិត្តរូបនៃគុណភាពក្នុងការដឹកនាំ និងគ្រប់គ្រងប្រទេស

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្រ្តៃយ៍ គណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល បានថ្លែងថា គណបក្សប្រជាជនកម្ពុជា ជានិមិត្តរូបនៃគុណភាពក្នុងការដឹកនាំ និងគ្រប់គ្រងប្រទេស ដែលឆ្លុះបញ្ចាំងតាមរយៈការសម្រេចបាន នូវសមិទ្ធផលប្រវត្តិសាស្ត្រជាច្រើនក្នុងគ្រប់វិស័យ ហើយក៏មានសមត្ថភាពគ្រប់គ្រាន់ ក្នុងការដាក់ចេញនូវចក្ខុវិស័យច្បាស់លាស់ ដើម្បីបន្តនាំនាវាកម្ពុជាឆ្ពោះទៅកាន់ ត្រើយសុខសន្តិភាព សុភមង្គល និងវឌ្ឍនភាពជានិច្ចនិរន្តរ៍។
ថ្លែងក្នុងបិទវគ្គបណ្តុះបណ្តាល «កម្មវិធីកសាងគ្រូឧទ្ទេស គ្រូជំនួយថ្នាក់រាជធានី-ខេត្ត» នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល នាថ្ងៃទី២៦ ខែកុម្ភៈ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានកោតសរសើរចំពោះសិក្ខាកាមទាំងអស់ ដែលបានយកចិត្តទុកដាក់ខិតខំរៀនសូត្រ និងគោរពវិន័យ រហូតឈានដល់ការបិទបញ្ចប់វគ្គបណ្តុះបណ្តាល ប្រកបដោយជោគជ័យ ។
ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ក៏បានថ្លែងអំណរគុណចំពោះក្រុមគ្រូឧទ្ទេសទាំងអស់ ដែលបានយកអស់កម្លាំងកាយចិត្ត ក្នុងការបង្ហាត់បង្ហាញយ៉ាង ក្បោះក្បាយជូនដល់សិក្ខាកាម ប្រកបដោយវិជ្ជាជីវៈ និងស្មារតីទទួលខុសត្រូវខ្ពស់ សំដៅធ្វើយ៉ាងណាលើកកម្ពស់ សមត្ថភាពសិក្ខាកាមជាសមាជិកបក្ស ឱ្យស័ក្តិសមជាកម្លាំងបន្តវេន ប្រកបដោយឧត្តមភាព ដែលមានភារកិច្ចចូលរួម បំពេញគ្រប់ភារកិច្ចដែលជាតិ ប្រជាជន និងបក្សប្រគល់ជូន ៕

