សម្តេចតេជោ ហ៊ុន សែន សូមផ្តាំទៅមន្ត្រីថ្នាក់មូលដ្ឋាន សូមកុំដើម្បីប្រយោជន៍របស់ខ្លួន បំផ្លាញអំពើរល្អរបស់រាជរដ្ឋាភិបាល

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅរសៀលថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បានថ្លែងរំលឹកដល់ករណីលោកស្មៀនឃ្មុំមួយរូប នៅក្នុងខេត្តកណ្តាល ដែលបានកិបកេងថវិកា របស់រាជរដ្ឋាភិបាល រាប់រយលានរៀល សម្រាប់បើកឧបត្ថម្ភដល់គ្រួសារក្រីក្រ ក្នុងអំឡុងជំងឺកូវីដ១៩ ជាប្រយោជន៍ផ្ទាល់ខ្លួន ដោយសម្តេចបានចាត់ទុក ជាកំហុសដ៏ធ្ងន់ធ្ងរមិនអាចលើកលែងឲ្យបានទេ។
ជុំវិញរឿងករណីកិបកេងថវិកានេះ សម្តេចក៏បានផ្តាំផ្ញើទៅដល់មន្ត្រីមូលដ្ឋាន សុំកុំបំផ្លាញនូវអំពើរល្អរបស់រាជរដ្ឋាភិបាល ព្រោះតែប្រយោជន៍ និងលាភសក្ការៈរបស់ខ្លួនឯង។
ក្នុងការថ្លែងរបស់សម្តេចតេជោ ហ៊ុន សែន ដូច្នេះធ្វើឡើងនាឱកាសអញ្ជើញអធិបតីបិទសន្និបាតបូកសរុបការងារឆ្នាំ២០២២និងលើកទិសដៅការងារឆ្នាំ២០២៣ របស់ក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៣ នៅសណ្ឋាគារសុខាភ្នំពេញ។
សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងយ៉ាងដូច្នេះថា [រាជរដ្ឋាភិបាលខំប្រឹងណាស់ កុំបំផ្លាញអ្វីដែលជាការខិតខំរួមគ្នាដើម្បីជាតិ និងប្រជាជនហើយយកទៅធ្វើមានបាន បំផ្លាញនូវសេចក្តីសុខរបស់ប្រជាជន ដែលត្រូវបានទទួលផលរាប់សិបគ្រួសារ]។
សម្តេចតេជោ ហ៊ុន សែន លោកបានបញ្ជាក់ចំពោះមន្ត្រីស្មៀនឃុំ ដែលប្រព្រឹត្តអំពើពុករលួយនោះ មិនមានការលើកលែងត្រឹមតែសងថវិការដ្ឋវិញរួចខ្លួនទេ គឺត្រូវធ្វើការចោទប្រកាន់ផ្តន្ទាទោសថែមទៀត។
សម្តេចតេជោបានថ្លែងថា រាជរដ្ឋាភិបាលបានខិតខំប្រឹងខ្លាំងណាស់ សម្រាប់ជួយដល់ប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារ ការរីករាលដាលជំងឺកូវីដ១៩ និងប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយអត្រាអតិផរណា ដោយបានផ្តល់សាច់ប្រាក់សម្រាប់ការឧបត្ថម្ភ ប្រមាណជាង ១ពាន់លានដុល្លាររួចមកហើយ ដើម្បីកុំឲ្យប្រជាពលរដ្ឋកាន់តែធ្លាក់ចូល ក្នុងបន្ទាត់ក្រីក្រថែមទៀត។ កម្មវិធីឧបត្ថម្ភសាច់ប្រាក់នេះ គឺនឹងបន្តវាយតម្លៃក្នុងរយៈពេល៣ខែម្តង។
សម្តេចតេជោនាយករដ្ឋមន្ត្រី លោកបានជំរុញក្រសួងមហាផ្ទៃ និងរដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវលើកកម្ពស់ការគាំទ្រ ក្នុងការកំណត់ក្រុមគោលដៅឱ្យស្រប តាមគោលការណ៍ណែនាំ ព្រមទាំងទប់ស្កាត់ភាពមិនប្រក្រតី ដើម្បីធានានូវប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព ក្នុងការអនុវត្តកម្មវិធីជំនួយសង្គម ដែលរួមមានការឧបត្ថម្ភសាច់ប្រាក់ជូនដល់គ្រួសារក្រីក្រ និង ងាយរងគ្រោះ. កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារងាយរងហានិភ័យ និងកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនដល់គ្រួសារប៉ះពាល់រងហានិភ័យ និងប៉ះពាល់ធ្ងន់ពីគ្រោះទឹកជំនន់៕
