ក្រសួងសាធារណការ រកចំណូលបាន ១០លានដុល្លារពីការលក់ស្លាកលេខពិសេស ក្នុងឆ្នាំ២០២២

ភ្នំពេញ៖ ឯកឧត្ដមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា នៅក្នុងឆ្នាំ២០២២ ក្រសួងប្រមូលចំណូលចូលថវិកាជាតិប្រមាណ ១០លានដុល្លារពីការលក់ស្លាកលេខពិសេសរថយន្ដ។
ថ្លែងនៅក្នុងកម្មវិធីបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៣ ឯកឧត្ដម ស៊ុន ចាន់ថុល បានថ្លែងថា “ក្នុងឆ្នាំ២០២២កម្ពុជាបានលក់សា្លកលេខរថយន្ដពិសេសផ្ទាល់ខ្លួនចំនួន ៧១២៥ស្លាកលេខ ដោយទទួលបានថវិការចំនួន ៤០ប៊ីលានរៀល ប្រមាណនឹង ១០លានដុល្លារសហរដ្ឋអាមេរិកចូលថវិការជាតិផ្លាកលេខពិសេសផ្ទាល់ខ្លួន ត្រូវបានប្រកាសដាក់លក់ជាផ្លូវការ កាលពីថ្ងៃទី០៧ ខែមករា ឆ្នាំ២០២០។ ផ្លាកលេខនេះមានតម្លៃចាប់ពី ២លានរៀលឡើងទៅរហូតដល់ ១,០០០លានរៀល តែសម្រាប់ការដេញថ្លៃអាច នឹងមានតម្លៃច្រើនជាងនេះ”។
ឯកឧត្ដមបានលើកឡើងផងដែរពី ការប្រើប្រាស់រថយន្ដអគ្គិសនីដោយឆ្នាំ២០២២ជាការបើកទំព័រថ្មីរបស់កម្ពុជា ក្នុងការជំរុញការប្រើប្រាស់រថយន្ដអគ្គិសនី ដោយបានធ្វើការជាមួយដៃគូ UNDP និងវិស័យឯកជន ក្នុងនោះ UNDP បានផ្ដល់ស្ថាននីយបញ្ជូលថាមពលចំនួន៤ ដល់ក្រសួងសាធារណការ និងដឹកជញ្ជូន ដោយបានដាក់នៅទីតាំងក្រសួងសាធារណការ និងដឹកជញ្ជូន, ទីតាំងក្រុងព្រះសីហនុ, ក្រុងសៀមរាប និងខេត្តបាត់ដំបង ក្រៅពីនោះវិស័យឯកជនបានផ្ដល់ចំនួន៣គ្រឿងបន្ថែមទៀត ដល់ក្រសួងសាធារណៈការ និងដឹកជញ្ជូន ដោយសរុបទាំងអស់មានចំនួន ៧គ្រឿង។
ឯកឧត្ដមទេសរដ្ឋមន្ត្រីបន្ថែមថា ក្នុងនោះកម្ពុជាក៏បានរៀបចំដាក់ស្ថានីយ៍បញ្ជូលថាមពលនេះ ប្រមាណ២០០គ្រឿង និង២០០កន្លែងទូទាំងប្រទេស៕
