មេដឹកនាំកំពូលកម្ពុជា-ចិន អំពាវនាវឲ្យជៀសវាង ការប្រើប្រាស់បញ្ហាសមុទ្រចិនខាងត្បូង ដើម្បីបំផ្លាញសន្តិភាព ស្ថិរភាព

ភ្នំពេញ៖ មេដឹកនាំកំពូលកម្ពុជា-ចិន បានអំពាវនាវឲ្យជៀសវាង ការប្រើប្រាស់បញ្ហាសមុទ្រចិនខាងត្បូង ដើម្បីបំផ្លាញសន្តិភាព ស្ថិរភាព ។
នេះបើយោងតាមសេចក្ដីថ្លែងការណ៍រួម ស្ដីពីការកសាងសហគមន៍វាសនារួមកម្ពុជា-ចិន ក្នុងយុគសម័យថ្មី
រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាមានិតចិន នាថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៣ ។
ភាគីទំាងពីរជឿជាក់ថា ក្រោមកិច្ចប្រឹងប្រែងរួមគ្នា នៃប្រទេសសមាជិកអាស៊ាន និងចិន ស្ថានភាពនៅសមុទ្រចិនខាងត្បូងត្រូវបានរក្សាស្ថិរភាពជារួម។
ប្រទេសទាំងពីរបានអំពាវនាវដល់ភាគីពាក់ព័ន្ធអនុវត្តឱ្យបានពេញលេញ និងប្រកបដោយប្រសិទ្ធភាពនូវសេចក្តីប្រកាសស្តីពីការប្រតិបត្តិ របស់បណ្តាភាគី នៅសមុទ្រចិនខាងត្បូង ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការលម្ហសមុទ្រ និងសម្រេចឱ្យបានឆាប់នូវក្រមប្រតិបត្តិសមុទ្រចិនខាងត្បូង ប្រកបដោយសារសំខាន់ និងប្រសិទ្ធភាព ឈរលើមូលដ្ឋានការឯកភាពជាឯកច្ឆន្ទទៅវិញទៅមក ដើម្បីកសាងសមុទ្រចិនខាងត្បូង ទៅជាសមុទ្រសន្តិភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការ។
ភាគីទាំងពីបញ្ជាក់ថា «រាល់ការប៉ុនប៉ងណាមួយ ក្នុងការប្រើប្រាស់បញ្ហាសមុទ្រចិនខាងត្បូង ដើម្បីបំផ្លាញសន្តិភាព ស្ថិរភាព និងការជឿជាក់ក្នុងតំបន់ពុំមានលទ្ធផលល្អឡើយ ហើយគួរតែត្រូវជៀសវាង» ៕
