ក្រសួងកសិកម្ម និងរដ្ឋបាលខេត្តតាកែវ នាំយកពូជស្រូវ របស់រាជរដ្ឋបាលកម្ពុជា ចែកជូនប្រជាកសិករ ក្នុងស្រុកព្រៃកប្បាស ៩៥៥គ្រួសារ និងស្រុកអង្គរបូរី ៧៤០គ្រួសារ

ភ្នំពេញ៖ ឯកឧត្តម ឈុំ ឆុនលី អនុរដ្ឋលេខាធិការ តំណាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និង ឯកឧត្តម អ៊ូច ភា អភិបាលខេត្តតាកែវ ព្រមទាំងក្រុមការងារ នាថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៣ បាននាំយកពូជស្រូវរបស់ រាជរដ្ឋាភិបាលកម្ពុជា មកចែកជូនបងប្អូនប្រជាកសិករ ក្នុងស្រុកព្រៃកប្បាស ចំនួន ៤ឃុំ សរុបចំនួន ៩៥៥គ្រួសារ ស្មើនឹង ៩៥៥០០គីឡូក្រាម និងក្នុងស្រុកអង្គរបូរី ចំនួន ៦ឃុំ មានចំនួន ៧៤០គ្រួសារ ស្មើនឹង ៧៤០០០គីឡូក្រាម ដោយក្នុងមួយគ្រួសារៗ ទទួលបាន ពូជស្រូវ ១០០គីឡូក្រាម។
ឯកឧត្តម អ៊ូច ភា អភិបាលខេត្តតាកែវ បានពាំនាំប្រសាសន៍ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានសម្តែងនូវអារម្មណ៍សោកស្តាយ ជាមួយបងប្អូនជនរងគ្រោះដោយសារគ្រោះធម្មជាតិ នៅទូទាំងប្រទេស និងជាពិសេសបងប្អូននៅទូទាំងខេត្តតាកែវ ហើយសម្តេចតេជោក៏បានជូនពរឱ្យបងប្អូនប្រជាពលរដ្ឋគ្រប់ៗ ក្រុមគ្រួសារឱ្យឆ្លងផុតពីគ្រោះមហន្តរាយនេះ។ សម្តេចបានលើកទឹកចិត្តជំរុញឱ្យកសិករយើងត្រូវជំនះគ្រប់ឧបសគ្គតស៊ូព្យាយាម ដើម្បីស្តារផលិតកម្មដំណាំស្រូវនិងដំណាំរួមផ្សំឡើងវិញបន្ទាប់ពីទឹកស្រកចុះ។
បន្ថែមពីនេះដែរ ឯកឧត្តមអភិបាលខេត្ត ក៏បានលើកឡើងថា រាជរដ្ឋាភិបាលមានចក្ខុវិស័យយ៉ាងច្បាស់ ក្នុងការជំរុញវិស័យកសិកម្មនៅកម្ពុជា ឲ្យមានការរីកចម្រើនព្រោះកសិកម្មជាវិស័យស្នូល និងតាមរយៈការបណ្ដុះបណ្ដាលមន្រ្តីជំនាញផ្នែកកសិកម្មទៅដល់មូលដ្ឋានផ្ទាល់ដែលបងប្អូនរស់នៅ ដើម្បីកាន់តែផ្ដល់ភាពងាយស្រួលដល់ប្រជាកសិករ ក្នុងការរៀនពីជំនាញបច្ចេកទេសក្នុងការប្រកបរបរកសិកម្ម ដើម្បីឲ្យបានទិន្នផលខ្ពស់ដែលអាចបម្រើដល់ទីផ្សារក្នុងស្រុក និងអាចនាំចេញទៅក្រៅប្រទេសបានទៀតផង ដើម្បីរួមចំណែកធ្វើអោយជីវភាពរបស់ប្រជាពលរដ្ឋនៅក្នុងគ្រួសារកាន់តែធូរធាឡើងៗ និងកាត់បន្ថយបាននូវភាពក្រីក្រផងដែរ៕
