ប្រជាពលរដ្ឋរងគ្រោះដោយការបាក់ស្រុតផ្ទះនៅតាមមាត់ច្រាំងព្រែក ចំនួន ៣១គ្រួសារ ស្ថិតនៅសង្កាត់កំពង់សំណាញ់ ទទួលបានអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល

ភ្នំពេញ៖ ប្រជាពលរដ្ឋរងគ្រោះដោយការបាក់ស្រុតផ្ទះនៅតាមមាត់ច្រាំងព្រែក ចំនួន ៣១ គ្រួសារ ស្ថិតនៅភូមិអាចម៌កុក សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ទទួលបានអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល នា រសៀលថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៣។
ឯកឧត្តម គង់ សោភ័ណ្ឌ បានថ្លែងនូវការសោកស្ដាយចំពោះការខូចខាតផ្ទះសំបែង និងទ្រព្យសម្បត្តិរបស់គ្រួសាររងគ្រោះ ដែលនេះជាគ្រោះមហន្តរាយបង្កដោយធម្មជាតិ គ្មាននរណាម្នាក់ចង់ជួបប្រទះឡើយ ។
ក្នុងពិធីសំណេះសំណាលជាមួយប្រជាពលរដ្ឋរងគ្រោះ ឯកឧត្តមក៏បាននាំមកនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលសម្តេចតែងតែយកចិត្តទុកដាក់គិតគូរចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូប ដោយមិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ។
ឯកឧត្តមបានបន្តថា ថ្វីត្បិតអំណោយមនុស្សធម៌ដែលបាននាំយកមកចែកជូនបងប្អូននាពេលនេះ មានចំនួនតិចតួចក្ដី មិនសមល្មមទៅនឹងការខាតបង់ក៏ពិតមែន តែក៏អាចជួយសម្រាលទុក្ខលំបាករបស់បងប្អូនបានមួយកម្រិត ហើយក៏ជាការបង្ហាញនូវការយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋគ្រប់រូបពីសំណាក់ថ្នាក់ដឹកនាំ ពិសេសគឺកាកបាទក្រហមកម្ពុជា ដែលមានសម្ដេចកិត្តិព្រឹទ្ធ បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ពោលគឺទីណាមានទុកលំបាកទីនោះមានកាកបាទក្រហមកម្ពុជាចុះជួយ ដោយមិនមានការរើសអើងនោះឡើយ គ្រប់ទីកន្លែង គ្រប់ពេលវេលា ក្នុងសកម្មភាពមនុស្សធម៌។
ឯកឧត្តម បានសំដែងនូវការសោកស្ដាយចំពោះប្រជាពលរដ្ឋទាំងអស់ ដែលទទួលរងនូវការបាក់ស្រុតផ្ទះ ដែលពុំធ្លាប់មានកន្លងមកបានធ្វើឱ្យប៉ះពាល់ដល់ផ្ទះសម្បែងបងប្អូននាពេលនេះ ហើយរដ្ឋបាលខេត្តនឹងខិតខំដោះស្រាយរកកន្លែងស្នាក់នៅជូនបងប្អូនប្រជាពលរដ្ឋនាពេលឆាប់ៗខាងមុខនេះ និងបានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅតាមមាត់ស្ទឹង ឬព្រែក សូមមានការប្រុងប្រយ័ត្នខ្ពស់ ពិសេស កុមារតូចៗមិនត្រូវឱ្យពួកគាត់នៅក្បែរមាត់ទឹក ឬលេងទឹកឡើយ ដែលអាចបង្កឱ្យកើតមានគ្រោះថ្នាក់ដោយប្រការណាមួយដែលអាចកើតឡើងជាយថាហេតុ។
អំណោយរបស់សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល ដែលចែកជូនប្រជាពលរដទាំង ៣១ គ្រួសារ ដែលរស់នៅភូមិអាចម៌កុក សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ក្នុងនោះ ប្រជាពលរដ្ឋ ៩គ្រួសាររងការខូចខាតធ្ងន់ធ្ងរ ទទួលបានថវិកា ចំនួន ៥០ម៉ឺនរៀល ក្នុង១គ្រួសារ តង់ចំនួ.ន ១ និងប្រជាពលរដ្ឋ ២២ គ្រួសារ រងការខូចខាតមធ្យម ទទួលបានថវិកាក្នុង១គ្រួសារ ចំនួន ៣០ម៉ឺនរៀល ហើយក្រុមគ្រួសារនិមួយៗទទួលបាននូវសម្ភារមានដូចជា អង្ករ ២៥គីឡូ, មី១កេស,ត្រីខកំប៉ុង ១យួរ, ទឹកសុទ្ធ ១កេស,ទឹកត្រី ១យួរ,ម៉ាស ១ដុំ ,អាវរងា ១កញ្ចប់ និងសាប៊ូ ១ដុំផងដែរ៕
