មន្ត្រីរាជការនិងប្រជាពលរដ្ឋកម្ពុជាបង្ហាញក្តីរំពឹងថា ដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុនសែននៅប្រទេសនឹងនាំមកនូវផលប្រយោជន៍កាន់តែច្រើនដល់ប្រជាពលរដ្ឋ និងសង្គមជាតិ
……………………………………………………………………………….
ភ្នំពេញ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជានឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅទីក្រុងប៉េកាំងពីថ្ងៃទី០៩ ដល់ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៣ ខណៈដែលប្រជាពលរដ្ឋ និងមន្ត្រីរាជការកម្ពុជាបង្ហាញក្តីរំពឹងថា ដំណើរទស្សនកិច្ចនេះនឹងនាំមកនូវផលប្រយោជន៍កាន់តែច្រើនដល់ប្រជាពលរដ្ឋ និងសង្គមជាតិ។
លោកអ៊ួង វុធ អនុប្រធាននាយកដ្ឋាន នៃអគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជាបានចាត់ទុកថា ដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុនសែនទៅប្រទេសចិននេះ នឹងនាំមកនូវកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ លើគ្រប់វិស័យ ជាពិសេសវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ការទូត ទេសចរណ៍ជាដើម។ ដំណើរទស្សនកិច្ចផ្លូវការរបស់សម្តេចតេជោនៅពេលនេះ ក៏ជាការផ្លាស់ប្តូរទស្សនៈ បទពិសោធន៍និងពិភាក្សាអំពីចំណង និងកិច្ចសហប្រតិបត្តិការទ្វេភាគី ដែលជាប្រយោជន៍ និងកង្វល់រួម ក្នុងតំបន់ និងបញ្ហាអន្តរជាតិ។
សំឡេង៖ « មួយវិញទៀត ដំណើរទស្សនកិច្ចសម្តេចតេជោនាយករដ្ឋមន្ត្រីនេះ នឹងផ្តល់កាលានុវត្តភាព ដល់រដ្ឋាភិបាលទាំងពីរ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងធ្វើឱ្យកាន់តែស៊ីជម្រៅ នូវការកសាងសហគមន៍ វាសនារួមកម្ពុជា-ចិន» ។
លោក ទឹម វន ប្រធានការិយាល័យស្រាវជ្រាវនិងអភិវឌ្ឍន៍ នៃមជ្ឈមណ្ឌលតំបន់អាស៊ីអាគ្នេយ៍ សម្រាប់ការអភិវឌ្ឍអប់រំបច្ចេកទេស នៃក្រសួងអប់រំ យុវជន និងកីឡា និងក្នុងនាមជាប្រជាពលរដ្ឋមួយរូបបានចាត់ទុក ដំណើរទស្សនកិច្ចរបស់សម្តេចតេជោហ៊ុនសែនទៅកាន់ប្រទេសចិននេះ នឹងបាននាំមកនូវផលប្រយោជន៍ជូនដល់ប្រជាពលរដ្ឋកម្ពុជាតាមរយៈការទាក់ទាក់ទាញវិនិយោគ ទេសចរណ៍ និងលើកកម្ពស់វិស័យអប់រំជាដើម។
សំឡេង៖ «ដំណើរទស្សនកិច្ចនេះ ទី១នឹងជួយលើកកម្ពស់សន្តិភាព ស្ថិរភាព វិបុលភាពនៅក្នុងប្រទេស ក៏ដូចជានៅក្នុងតំបន់ ទី២ និងជំរុញទាក់ទាញវិនិយោគិន អ្នកទេសចរ ក្រោយវិបត្តិកូវីដ១៩ ផ្តល់ឱកាសការងារដល់ប្រជាពលរដ្ឋកម្ពុជា ទី៣ នឹងជួយលើកកម្ពស់វិស័យអប់រំតាមរយៈការផ្តល់អាហារូបករណ៍ ពីរដ្ឋាភិបាលចិនដល់សិស្សនិស្សិតកម្ពុជាឱ្យបានរៀននៅប្រទេសចិនកាន់តែច្រើន និងទី៤នឹងជួយលើកកម្ពស់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវ ស្ពានផ្លូវថ្នល់ឱ្យកាន់តែទំនើប។ ជាចុងក្រោយខ្ញុំបាទសូមគោរពជូនពរសម្តេច និងគណៈប្រតិភូអមដំណើរទាំងអស់ធ្វើដំណើរប្រកបដោយសុវត្ថិភាព »។
យោងតាមក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានឱ្យដឹងថា តបតាមការអញ្ជើញរបស់រដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាមានិតចិន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជានឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន ពីថ្ងៃទី០៩ ដល់ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៣។ អញ្ជើញអមដំណើរ សម្តេចតេជោនាយករដ្ឋមន្រ្តី រួមមានរដ្ឋមន្រ្តី ឥស្សរៈជនជាន់ខ្ពស់នៃរាជរដ្ឋាភិបាល ព្រមទាំង ថ្នាក់ដឹកនាំធុរកិច្ច ។
ក្នុងឱកាសទស្សនកិច្ចនេះ សម្តេចតេជោនាយករដ្ឋមន្ត្រី នឹងជួបសម្តែងការគួរសមដាច់ដោយឡែក ជាមួយ ឯកឧត្តម ស៊ី ជីនពីង ប្រធានាធិបតី នៃសាធារណរដ្ឋប្រជាមានិតចិន និងឯកឧត្តម លី ជានស៊ូ ប្រធានសភាតំណាងប្រជាជនចិន ហើយក៏នឹងមានជំនួបទ្វេភាគីជាមួយ ឯកឧត្តម លី ខឺឈាង នាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋប្រជាមានិតចិន ដើម្បីផ្លាស់ប្តូរទស្សនៈ និងពិភាក្សាអំពីចំណង និងកិច្ចសហប្រតិបត្តិការទ្វេភាគី ព្រមទាំងបញ្ហាដែលជាប្រយោជន៍ និងកង្វល់រួម ក្នុងតំបន់ និងអន្តរជាតិ។ នាយករដ្ឋមន្រ្តីទាំងពីរ នឹងអញ្ជើញធ្វើជាអធិបតី ក្នុងពិធីចុះហត្ថលេខាលើឯកសារកិច្ចសហប្រតិបត្តិការមួយចំនួនផងដែរ៕
