អយ្យការអមសាលាដំបូងខេត្តតាកែវ ស្នើសុំគោលការណ៍រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ចាត់វិធានការតាមផ្លូវច្បាប់ជាមួយ អង្គភាពសារព័ត៌មាន ឆ្លាមសរ និងសារព័ត៌មាន ដំណឹងក្នុងស្រុក

ភ្នំពេញ៖ បើទោះបីជាមានសេចក្ដីថ្លែងការណ៍របស់ អយ្យការអមសាលាដំបូងខេត្តតាកែវ និងសេចក្ដីបំភ្លឺ របស់ផ្នែករដ្ឋបាលព្រៃឈើត្រាំកក់ ខណ្ឌរដ្ឋបាលព្រៃឈើតាកែវ យ៉ាងណាក្ដីក៏ គេហទំព័រ ឆ្លាម សរ និងគេហទំព័រ ដំណឹងក្នុងស្រុក មិនបានធ្វើការកែសម្រួលអត្ថបទរបស់ខ្លួនឡើងវិញនៅឡើយទេ គិតត្រឹមថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៣ នេះបើយោងតាមសេចក្ដីគោរពជូនរបស់ អយ្យការអមសាលាដំបូងខេត្តតាកែវ ស្នើសុំគោលការណ៍ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ដើម្បីអនុវត្តតាមផ្លូវច្បាប់។
យោងតាមសេចក្ដីថ្លែងការណ៍ របស់ អយ្យការអមសាលាដំបូងខេត្ត និងសេចក្ដីបំភ្លឺ របស់ ផ្នែករដ្ឋបាលព្រៃឈើត្រាំកក់ ខណ្ឌរដ្ឋបាលព្រៃឈើតាកែវ បានបញ្ជាក់អំពីដំណើររឿងថា៖ កាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២២ ខណ្ឌរដ្ឋបាលព្រៃឈើខេត្តតាកែវ បានចុះប្រតិបត្តិការត្រួតពិនិត្យឈើ ដោយសុំកិច្ចសហការពី អយ្យការអមសាលាដំបូងខេត្តតាកែវ ដើម្បីចូលរួមក្នុងការត្រួតពិនិត្យ លើរថយន្តដឹកឈើមួយគ្រឿងម៉ាក Asia Granto ពាក់ស្លាកលេខ កំពង់ចាម 3A-6826 និងកន្ទុយររ៉ុម៉កព័ណខៀវ ស្លាកលេខ ភ្នំពេញ 4A-4392 ដែលជា របស់ឈ្មោះ ធីប វណ្ណា ភេទប្រុស អាយុ ៥៩ឆ្នាំ និងប្រពន្ធឈ្មោះ ចេម គឹមលន ភេទស្រី អាយុ ៥១ឆ្នាំ រស់នៅភូមិព្រៃមាស ឃុំអង្គខ្នុរ ស្រុកទ្រាំង ខេត្តតាកែវ។ ក្រោយពីក្រុមការងារចម្រុះបានធ្វើការពិនិត្យវាស់វែង ឃើញថា គ្រឿងឈើចាស់មានចំនួន ៤ម៣៨៣២ និងឈើអារថ្មី ដែលជាប្រភេទឈើលេខ២ ចំនួន ៥៨៤សន្លឹក ស្មើនឹង ១៤ម៣៥២៨ ដែលដឹកជញ្ជូនដោយគ្មានលិខិតអនុញ្ញាតពីរដ្ឋបាលព្រៃឈើ។
បន្ទាប់មក ខណ្ឌរដ្ឋបាលព្រៃឈើខេត្តតាកែវ ក៏បានចាត់ការតាមនីតិវិធី នៃច្បាប់ស្ដីពីព្រៃឈើ ដោយនាយផ្នែករដ្ឋបាលព្រៃឈើត្រាំកក់ បានចេញសេចក្ដីជូនដំណឹងលេខ ០៧៦ ផរព.ត្រក ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២២ ដើម្បីឱ្យភាគីដែលពាក់ព័ន្ធចូលខ្លួនទៅដោះស្រាយតាមនីតិវិធីច្បាប់ ស្ដីពីព្រៃឈើ រាល់ម៉ោងធ្វើការក្នុងរយះពេល ៣០ថ្ងៃ ចាប់ពីថ្ងៃជូនដំណឹងនោះ ដោយពុំទាន់បញ្ជូនសំណុំរឿងនោះមកដល់ អយ្យការអមសាលាដំបូងខេត្តតាកែវ នៅឡើយទេ។
ស្រាប់តែនៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣ គេហទំព័រ ឆ្លាម សរ បានធ្វើការចុះផ្សាយព័ត៌មាន អំពីករណីការចាប់រថយន្តដឹកឈើ ខាងលើនេះ នៅលើបណ្ដាញសង្គមហ្វេសប៊ុក (Facebook) ដោយយកតែសម្ដីរបស់ភាគីម្ចាស់ឈើ តែម្ខាងមកធ្វើការចុះផ្សាយ ដោយបានលើកឡើងថា ឈើដែលមន្រ្តីមានសមត្ថកិច្ចធ្វើការចាប់ឃាត់នោះ គឺជាឈើផ្ទះចាស់មានលិខិតអនុញ្ញាតត្រឹមត្រូវ ហើយថែមទាំងបានលើកឡើងទៀតថា ខណ្ឌរដ្ឋបាលព្រៃឈើ និងអយ្យការ បានជំរិតទារប្រាក់ពីពួកគាត់ចំនួន ២០០០ដុល្លារអាមេរិក រហូតដល់ ២៥០០ដុល្លារអាមេរិក ថែមទៀតផង ខណៈដែលសំណុំរឿងខាងលើនេះ ស្ថិតនៅដំណាក់កាលនីតិវិធី របស់រដ្ឋបាលព្រៃឈើនៅឡើយ ដោយពុំមានការសួរនាំពីមន្រ្តីជំនាញមានសមត្ថកិច្ច និងអ្នកនាំពាក្យ នៃអយ្យការអមសាលាលដំបូងខេត្តតាកែវ នោះទេ ដែលការចុះផ្សាយព័ត៌មានមិនពិតនេះ នាំឱ្យប៉ះពាល់ដល់កិត្តិយស និងកេរ្ដិ៍ឈ្មោះរបស់ស្ថាប័នជំនាញ និងស្ថាប័នអយ្យការជាខ្លាំង។
បន្ទាប់មក អ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តតាកែវ ក៏បានចេញសេចក្ដីថ្លែងការណ៍ ឆ្លើយតបទៅនឹងការចុះផ្សាយនោះរួចហើយ កាលពីថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៣ ដោយច្រានចោលទាំងស្រុងចំពោះការចុះផ្សាយរបស់ ព័ត៌មានមិនពិតខាងលើនេះ និងទុករយះពេល ០៣ថ្ងៃ ឱ្យគេហទំព័រ ឆ្លាម សរ ធ្វើការកែតម្រូវព័ត៌មាននោះឡើងវិញ ប៉ុន្តែមកដល់ពេលនេះ គេហទំព័រ ឆ្លាម សរ មិនត្រឹមតែមិនកែតម្រូវព័ត៌មាននោះទេ ថែមទាំងបង្ហោះឡើងវិញម្ដងហើយម្ដងទៀតជាហូរហែ ដែលធ្វើឱ្យសាធារណៈជនកាន់តែមានការយល់ច្រលំថែមទៀត។
ក្រោយមកនៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២៣ គេហទំព័រ ដំណឹងក្នុងស្រុក (SNNTV) ក៏បានចុះផ្សាយលើបណ្ដាញសង្គមហ្វេសប៊ុក (Facebook) ចំពោះករណីនេះម្ដងទៀត ខណៈដែលអ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តតាកែវ បានចេញសេចក្ដីថ្លែងការណ៍រួចហើយ ហើយផ្នែករដ្ឋបាលព្រៃឈើត្រាំកក់ ក៏បានឆ្លើយតបទៅនឹងកាចុះផ្សាយនោះតាមរយះ សេចក្ដីបំភ្លឺរបស់ផ្នែករដ្ឋបាលព្រៃឈើត្រាំកក់ ខណ្ឌរដ្ឋបាលព្រៃឈើតាកែវ លេខ ០០៧ ផរព.ត្រក ចុះថ្ងៃទី២២ ខែមករា ឆ្នាំ២០២៣ ដោយច្រានចោលចំពោះការផ្សាយសារព័ត៌មាន ឆ្លាម សរ និងសារព័ត៌មាន ដំណឹងក្នុងស្រុក (SNNTV) ផងដែរ។
គួរកត់សម្គាល់ថា បន្ទាប់ពីអ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តតាកែវ បានចេញសេចក្ដីថ្លែងការណ៍ ក៏ដូចជាមានការបំភ្លឺរបស់ ខណ្ឌរដ្ឋបាលព្រៃឈើ រួចហើយនោះ គេហទំព័រ ឆ្លាម សរ និង គេហទំព័រ ដំណឹងក្នុងស្រុក (SNNTV) ដែលបានចុះផ្សាយព័ត៌មានមិនពិតខាងលើនោះ ពុំបានធ្វើការកែសម្រួលព័ត៌មាននោះឡើងវិញទេ។
ទង្វើនេះបញ្ជាក់ឱ្យឃើញថា គេហទំព័រ ឆ្លាម សរ និង គេហទំព័រ ដំណឹងក្នុងស្រុក (SNNTV) មិនបានគោរពនូវក្រមសីលធម៌វិជ្ជាជីវៈ ជាអ្នកសារព័ត៌មាននោះឡើយ ដោយហេតុថា ការចុះផ្សាយព័ត៌មាន ពុំបានប្រមូលព័ត៌មានឱ្យបានគ្រប់ជ្រុងជ្រោយ គ្មានតុល្យការ ដោយយកតែសំដីរបស់ភាគីម្ខាងមកធ្វើការចុះផ្សាយ តែប៉ុណ្ណោះ។អាស្រ័យហេតុដូចបានគោរពជម្រាបជូនខាងលើ អយ្យការអមសាលាដំបូងខេត្តតាកែវ គោរពជូន ឯកឧត្តមរដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ដើម្បីចាត់វិធានការតាមផ្លូវច្បាប់ ចំពោះគេហទំព័រទាំងពីរខាងលើនេះ ដោយក្ដីអនុគ្រោះ៕







