ស.ស.យ.ក.រៀបចំពិធីក្រុងពាលី បើកការដ្ឋានព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ឆ្នាំ២០២៣ នៅព្រះលានជល់ដំរី

ភ្នំពេញ៖ នាព្រឹកថ្ងៃទី ៤ ខែ កុម្ភៈ ឆ្នាំ ២០២៣ ឯកឧត្តម ស សុខា អនុប្រធានសហភាពសហព័ន្ធ យុវជនកម្ពុជា តំណាងឯកឧត្តម ហ៊ុន ម៉ានី ប្រធាន ស.ស.យ.ក.បានអញ្ជើញជាគណៈអធិបតីក្នុ ងពិធីក្រុងពាលី បើកការដ្ឋានព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ព.ស ២៥៦៦ – ២៥៦៧ គ.ស ២០២៣ នៅព្រះលានជល់ដំរី ក្នុងបរិវេណអង្គរធំ ។
អញ្ជើញចូលរួមនាឱកាសនោះដែររួមមាន ឯកឧត្តម សាយ សំអាល់ ឯកឧត្តម គីម រិទ្ធី ឯកឧត្តម ទៀ សីហា អនុប្រធានស.ស.យ.ក. ឯកឧត្តម លោកជំទាវ លោក លោកស្រី សមាជិកគណៈអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្តាលស.ស.យ.ក ថ្នាក់ដឹកនាំខេត្ត អាជ្ញាធរជាតិអប្សរា តំណាងក្រុមការងាររៀបចំ សិស្សានុសិស្សជាច្រើននាក់ផងដែរ។
ឆ្នាំនេះជា ខួបគម្រប់១០ឆ្នាំ នៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ក្រោមប្រធានបទ «ក្ដីស្រមៃ និងក្ដីសង្ឃឹម» ដែលជាព្រឹត្តិការណ៍នៃការលើកយកនូវកេរតំណែលអរិយធម៌ វប្បធម៌ ទំនៀមទម្លាប់ និងស្នាដៃរបស់បុព្វបុរសខ្មែរមករំលេចឡើងជាផ្ទាំង ទស្សនីយភាពវប្បធម៌ជាច្រើនដូចជា៖ ល្បែងប្រជាប្រិយ របាំបុរាណ របាំប្រពៃណី និងរបាំប្រជាប្រិយ ការបង្ហាញពីជីវភាពរស់នៅរបស់ប្រជាជនកម្ពុជានៅតាមតំបន់ និងសិល្បៈទស្សនីយភាពជាច្រើនទៀត៕
