បទអត្ថាធិប្បាយ៖ ប្រាសាទអង្គរវត្តខ្មែរស្ថិតក្នុងបេះដូងប្រជាជន និងទេសចរចិន ភ្នំពេញ៖រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានលើកឡើងថាប្រជាពលរដ្ឋចិនស្រឡាញ់និងចង់ទស្សនាប្រាសាទអង្គរវត្តខ្មែរ ខណៈប្រទេសចិនទីផ្សារទេសចរណ៍ដ៏សំខាន់របស់ប្រទេសកម្ពុជា។

ឯកឧត្តម ថោង ខុនរដ្ឋមន្ត្រីក្រសួងទេសចរណ៍បានប្រាប់អ្នកសារព័ត៌មានកាលពីពេលថ្មីៗនេះថា ក្រៅពីតំបន់ទេសចរណ៍សំខាន់ៗរបស់កម្ពុជា ដូចជាក្រុងព្រះសីហនុ រាជធានីភ្នំពេញ ប្រាសាទអង្គវត្តគឺជាគោលដៅទេសចរណ៍ដ៏សំខាន់របស់ប្រទេសកម្ពុជា ខណៈដែលរាជរដ្ឋាភិបាលបានរៀបចំហេដ្ឋារចនាសម្ព័ន្ធនិងអភិវឌ្ឍតំបន់ទេសចរណ៍កាន់តែស្អាតដើម្បីទាក់ទាញភ្ញៀវទេសចរក្រោយពីវិបត្តិកូវីដ១៩។
សំឡេង៖« ខេត្តសៀមរាបតំបន់អង្គរឥឡូវមិនដូចមុនទេ គឺស្អាតណាស់ រាជរដ្ឋាភិបាលបានរៀបចំរាជរដ្ឋាភិបាលបានធ្វើផ្លូវនៅតំបន់សៀមរាប តំបន់អង្គរវត្តជាតំបន់សម្រាកលំហែ ជាកន្លែងដែលទាក់ទាញ។ខ្ញុំដឹងថា បងប្អូនជនជាតិចិនគាត់ចូលចិត្តអង្គរវត្ត»។
ឯកឧត្តមថោងបញ្ជាក់ថា កម្ពុជារីករាយក្នុងការត្រៀមទទួលទេសចរចិននិងភ្ញៀវអន្តរជាតិផ្សេងៗទៀតឱ្យកម្ពុជាកាន់តែច្រើនបន្ទាប់ពីពិភពលោកបានធូរស្បើយកូវីដ១៩។
សូមរម្លឹកថា មុនពេលផ្ទុះឡើងនូវជំងឺកូវីដ១៩ភ្ញៀវទេសចរចិនគឺជាប្រភពភ្ញៀវទេសចរបរទេសច្រើនជាងគេរបស់កម្ពុជា។ ពោលគឺនៅឆ្នាំ២០២២កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិចំនួនជិត២លាន៣សែននាក់ក្នុងនោះភ្ញៀវចិនមានជាង១០ម៉ឺននាក់ប៉ុណ្ណោះដោយសាតែវិបត្តិកូវីដ១៩។ យ៉ាងណាក៏ដោយតាមការព្យាករណ៍កម្ពុជារំពឹងថាក្នុងឆ្នាំ២០២៣នេះនឹងទទួលបានភ្ញៀវទេសចរអន្ដរជាតិជាង៤.៣លាននាក់ ក្នុងនោះភ្ញៀវទេសចរចិនអាចមានចំនួនប្រមាណ២លាននាក់។
កញ្ញា Zhou Shaohong ហៅចិន្តា ជាជនជាតិចិនតាមរយៈវិទ្យុមិត្តភាពកម្ពុជាចិនបានបង្ហាញការពេញចិត្តយ៉ាងខ្លាំងចំពោះប្រទេសកម្ពុជា ជាពិសេសប្រាសាទអង្គរវត្តដ៏ធំអស្ចារ្យ និងមានឈ្មោះល្បីល្បាញរន្ទឺសុះសាយទៅគ្រប់ទិសទីមិនមានប្រទេសណាមានដូចឡើយ។
សំឡេង៖ «នាងខ្ញុំចូលចិត្តប្រាសាទអង្គរវត្តរបស់កម្ពុជាខ្លាំងណាស់ ព្រោះថា ប្រាសាទអង្គរវត្តនេះ គឺជាបេតិកភណ្ឌវប្បធម៌ដ៏ល្បីឈ្មោះ។ នៅឆ្នាំ២០២៣នេះ ខ្ញុំនឹងទៅលេងប្រាសាទអង្គវត្តម្ដង»។
បើតាមឯកសារ ប្រាសាទអង្គរវត្ត ឬប្រាសាទអង្គរតូចមានទីតាំងស្ថិតនៅភាគខាងជើងនៃក្រុងសៀមរាបនៃខេត្តសៀមរាប។ ប្រាសាទអង្គរវត្តជាប្រាសាទព្រហ្មញ្ញសាសនាធំបំផុត និងជាវិមានសាសនាដ៏ធំបំផុតនៅក្នុងលោក។ ប្រាសាទនេះត្រូវបានកសាងឡើងដោយព្រះបាទសូរ្យវរ្ម័នទី២ ដែលជាស្នាដៃដ៏ធំអស្ចារ្យ និងមានឈ្មោះល្បីល្បាញរន្ទឺសុះសាយទៅគ្រប់ទិសទីលើពិភពលោក។ ប្រាសាទនេះសាងសង់ឡើងនៅដើមសតវត្សទី១២ ដែលស្ថិតនៅក្នុងរាជធានីយសោធរបុរៈ។ប្រាសាទអង្គរវត្តជាប្រាសាទកសាងឡើងដើម្បីឧទ្ទិសដល់ព្រះវិស្ណុ។
ប្រាសាទអង្គរវត្តខ្មែរជារមណីយដ្ឋានទេសចរណ៍បែបវប្បធម៌ប្រវត្តិសាស្រ្តដ៏សំខាន់បានទាក់ទាញភ្ញៀវទេសអន្តរជាតិជាច្រើនលាននាក់ក្នុងមួយឆ្នាំៗជាពិសេសភ្ញៀវទេសចរចិនតែម្ដង។ ការណ៍ដែលប្រាសាទអង្គបានស្ថិតក្នុងបេះដូងជនជាតិចិនបែបនេះ ពិតណាស់វាមិនមែនជារឿងចៃដន្យនោះទេ ពោលគឺបានផ្តើមឡើងពីទំនាក់ទំនងល្អរបស់ថ្នាក់ដឹកនាំ និងប្រទេសជាជនប្រទេសយើងទាំងពីរតាំងពីអតីតកាលរហូតដល់បច្ចុប្បន្ន ហើយនឹងបន្តពូនជ្រុំនូវទំនាក់ទំនងនេះកាន់តែល្អទៅថ្ងៃអនាគត។
បើនិយាយពីប្រទេសចិនគេតែងតែបានឮ និងនឹកឃើញនូវឃ្លោងឃ្លាមួយចំនួនក្នុងចំណោមឃ្លោងឃ្លាដទៃទៀត បានប្រើដើម្បីបរិយាយអំពីទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការកម្ពុជា-ចិន ដូចជា៖ «មិត្តភក្តិដែលគួរឱ្យទុកចិត្តបំផុត» «មិត្តល្អជួយគ្នាក្នុងគ្រាក្រ» «មិត្តភាពដែក» «ដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ» និង «សហគមន៍ចិន-កម្ពុជាដែលមានអនាគតរួមគ្នា» ។
សូមបញ្ជាក់ថា បើផ្អែកតាមប្រវត្តិសាស្ត្រ ទំនាក់ទំនងចិន-កម្ពុជាមានអាយុកាលតាំងពីសតវត្សរ៍ទី ១៣ មកម្ល៉េះ។ ក្នុងសម័យទំនើប ទំនាក់ទំនងការទូតផ្លូវការរវាងប្រទេសទាំងពីរត្រូវបានបង្កើតឡើងនៅថ្ងៃទី១៩ ខែកក្កដាឆ្នាំ១៩៥៨។ ចាប់ពីពេលនោះមក ក្នុងនាមជាប្រទេសជិតខាងនិងដៃគូដ៏ជិតស្និទ្ធ កម្ពុជា និងចិនបានបង្កើត និងបីបាច់ថែរក្សាចំណងមិត្តភាព«ដែកថែប» ដែលមិនអាចបំបែកបានដោយបានឆ្លងកាត់ការសាកល្បង និងការលំបាកជាប្រវត្តិសាស្ត្រជាច្រើន៕ (អត្ថបទ៖ វិទ្យុមិត្តភាពកម្ពុជាចិន)
