ស្លាប់ ២នាក់ ក្នុងហេតុការណ៍អគ្គីភ័យ នៅឧតុនិយមក្រុងព្រះសីហនុ

ព្រះសីហនុ៖ មនុស្សប្រុសស្រី ២នាក់បានបាត់បង់ជីវិតក្រោយពីសមត្ថកិច្ចបញ្ជូនទៅសង្គ្រោះ នៅមន្ទីរពេទ្យឯកជនពីរផ្សេងគ្នា នៅក្នុងហេតុការណ៍អគ្គីភ័យឆាបឆេះ ក្លឹបកំសាន្តមួយកន្លែងត្រង់ចំណុចឧតុនិយមស្ថិតក្នុងក្រុមទី17 ភូមិ3 សង្កាត់លេខ3 ក្រុងនិងខេត្តព្រះសីហនុ។
ជុំវិញករណីអគ្គីភ័យនេះ យោងតាមប្រភពបឋមនៅកន្លែងកើតហេតុពីសមត្ថកិច្ចបានឱ្យដឹងថា នៅវេលាម៉ោង 8 និង 20 នាទីយប់ថ្ងៃទី30 ខែមករាឆ្នាំ 2023 ត្រង់ចំណុចឧតុនិយមស្ថិតក្នុងក្រុមទី 17 ភូមិ 3 សង្កាត់លេខ 3 ក្រុងនិងខេត្តព្រះសីហនុមានករណីអគ្គីភ័យមួយកើតឡើងបណ្ដាលឲ្យមនុស្សចំនួនពីរនាក់បានបាត់បង់ជីវិតនៅពេលបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យឯកជនពីផ្សេងគ្នា។
ជុំវិញករណីអគ្គីភ័យនេះផងដែរសមត្ថកិច្ចបានទទួលព័ត៌មានបឋមថាបណ្ដាលមកពីការធ្វើប្រហែសការងារ ដោយសារការផ្សារដែកនៅផ្នែកដំបូលហើយផ្កាភ្លើង បានខ្ទាតមកត្រូវសាឡុងនិង រីដូ ក្នុងក្លឹបបណ្ដាលឱ្យឆាប់ឆេះបង្កើតជាផ្សែងហប់ខ្យល់ ជាហេតុធ្វើឲ្យបុគ្គលិកនៅក្នុងក្លឹបមានការស្លន់ស្លោថប់ដង្ហើមដួលសន្លប់នៅក្នុងក្លឹបហើយត្រូវបានក្រុមជួយសង្គ្រោះ ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុសហការជាមួយកម្លាំងកងរាជអាវុធហត្ថ ជួយសង្គ្រោះយកចេញពីក្នុងក្លឹបបញ្ជូនទៅកាន់មន្ទីរពេទ្យឯកជនដែលនៅក្បែរនោះតែជាអកុសលជនរងគ្រោះទាំងពីរ(ស្រីម្នាក់.និង.ប្រុសម្នាក់) បានបាត់បង់ជីវិតនៅក្នុងមន្ទីរពេទ្យឯកជន បើទោះបីជាក្រុមគ្រូពេទ្យខិតខំជួយសង្គ្រោះយ៉ាងណាក្តី។
ក្រោយកើតហេតុសមត្ថកិច្ចបាននាំខ្លួនថៅកែក្លឹបនិងអ្នកគ្រប់គ្រងក្លឹបទៅសួរនាំនៅអធិការក្រុងព្រះសីហនុជុំវិញករណីអគ្គីភ័យនេះផងដែរ។
គិតត្រឹមម៉ោង 10:00 យប់ថ្ងៃទី 30 ខែមករាឆ្នាំ 2023នេះ ជនរងគ្រោះដែលបានបាត់បង់ក្នុងហេតុការណ៍អគ្គីភ័យនេះគេនៅពុំទាន់ដឹងអត្តសញ្ញាណនៅឡើយទេ សមត្ថកិច្ចកំពុងសួរនាំទៅលើថៅកែនិងអ្នកគ្រប់គ្រងក្លឹបអំពីបញ្ហាខាងលើនេះ ៕
