កងប្រតិបត្តិការរុករក និងសង្គ្រោះគ្រោះមហន្តរាយលេខ៧០៦ យោធភូមិភាគពិសេស ចុះជួយរុះរើលំនៅដ្ឋានពលរដ្ឋ ដែលរងគ្រោះដោយសារទឹកជំនន់ហូរបាក់ដីធ្លាក់ចូលក្នុងព្រែក ក្នុងភូមិសាស្ត្រក្រុងតាខ្មៅ

ភ្នំពេញ៖ ដោយអនុវត្តន៍តាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម នាយឧត្ដមសេនីយ៍ គន់ គីម ទេសរដ្ឋមន្ត្រី និងជាអនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងយោងតាមការស្នើសុំរបស់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកណ្តាល នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៣ ឧត្តមសេនីយទោ ប៉ូ វណ្ណៈ មេបញ្ជាការយោធភូមិភាគពិសេសស្តីទី បានចាត់តាំង ឯកឧត្តម ឧត្តមសេនីយ៍ទោ ទី សេរីវុឌ្ឍ មេបញ្ជាការរង និងជាប្រធានកងប្រតិបត្តិការរុករក និងសង្គ្រោះគ្រោះមហន្តរាយលេខ៧០៦ យោធភូមិភាគពិសេស ដឹកនាំកម្លាំងចំនួន១៥០នាក់ ដែលក្នុងនោះ ទីបញ្ជាការយោធភូមិភាគពិសេស ចំនួន១០០នាក់ និងកម្លាំងសង្គ្រោះរបស់តំបន់ប្រតិបត្តិការសឹករងកណ្តាលចំនួន ៥០នាក់ ចុះសហការសង្គ្រោះគ្រោះមហន្តរាយចំនួន០៣គោលដៅ នៅខេត្តកណ្តាល ដែលកំពុងរងគ្រោះមហន្តរាយដោយការបាក់ដីច្រាំងព្រែក បណ្តាលអោយផ្ទះប្រជាពលរដ្ឋរស់នៅតាមសង្ខាងព្រែក រអិលបាក់ធ្លាក់ចូលព្រែក ដែលស្ថិតនៅភូមិសាស្ត្ររួមមាន៖
១. ភូមិព្រែកសំរោង៣ សង្កាត់តាខ្មៅ ២.ភូមិព្រែកថី និងទី៣ ភូមិព្រែកខ្សេវ សង្កាត់រការខ្ពស់ ខេត្តកណ្តាល ដែលបណ្តាលបាក់ស្រុតធ្លាក់ទាំងស្រុងចូលទន្លេចំនួន០៦ខ្នង និងរងផលប៉ះពាល់ធ្ងន់ធ្ងរចំនួន៦១ខ្នង (៦៥គ្រួសារ មនុស្សចំនួន២៤៤នាក់) ៕
