បច្ចុប្បន្នសាលា PKO បាននិងកំពុងហ្វឹកហ្វឺន សិក្ខាកាមកងខេមរភូមិន្ទសរុប ៧៤៨នាក់ លើជំនាញរក្សាសន្តិភាព

ភ្នំពេញ៖ ឯកឧត្តមឧត្តមសេនីយ៍ឯក ហួត គឹមសាន អគ្គនាយករង មជ្ឈមណ្ឌលជាតិរក្សាសន្តិភាព និងជានាយកសាលាហ្វឹកហ្វឺនកងកម្លាំងរក្សាសន្តិភាពពហុជាតិ បានថ្លែងថា សាលាបានបើកហ្វឹកហ្វឺន និងបណ្តុះបណ្តាល ក្នុងរយៈពេលវែង និងរយៈពេលខ្លី លើជំនាញរក្សាសន្តិភាព ដោយម្ចាស់ការខ្លួនឯង ព្រមទាំងក្រោមជំនួយឧបត្ថម្ភ និងកិច្ចសហប្រតិបត្តិការ ជាមួយបណ្តាប្រទេសជាមិត្ត មានដូចជា ចិន អាមេរិក បារាំង ឥណ្ឌា ជប៉ុន អូស្រ្តាលី អង់គ្លេស អាល្លឺម៉ង់ មន្ត្រីUNMASS និងTDI ដែលបច្ចុប្បន្នសាលាកំពុងធ្វើការហ្វឹកហ្វឺន ដល់សិក្ខាកាមសរុប៧៤៨នាក់ ។
ការថ្លែងរបស់ឧត្តមសេនីយ៍ឯក ហួត គឹមសាន បែបនេះ ក្នុងអញ្ជើញជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សែម សុវណ្ណនី អនុប្រធានគណៈកម្មាធិការជាតិ និងជាអគ្គនាយកមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព ចូលរួមពិធី ផ្សព្វផ្សាយការងារអប់រំចិត្តសាស្ត្រ និងសភាពការថ្មីៗ ដល់កងត្រៀមប្តូរវេន ក្រោមឆ័ត្រអង្គការសហប្រជាជាតិអង្គការសហប្រជាជាតិ និងពិធីបើកវគ្គហ្វឹកហ្វឺនជំនាញបច្ចេកទេសបោសសម្អាតមីនមនុស្សធម៌ នៅសាលាហ្វឹកហ្វឺនកងកម្លាំងរក្សាសន្តិភាពពហុជាតិ នាស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៣ ក្រោមអធិតីភាព ឯកឧត្ត នាយឧត្តមសេនីយ៍ មាស សាវ៉ន អគ្គនាយក អគ្គនាយកដ្ឋានយោធសេវា ក្រសួងការពារជាតិ និងជាសមាជិកគណៈកម្មាធិការបញ្ជូនកងកម្លាំងរក្សាសន្តិភាពទៅចូលរួមបេសកកម្ម ។
ឯកឧត្តម ហួត គឹមសាន ឱ្យដឹងទៀតថា វគ្គនេះ គឺហ្វឹកហ្វឺនលើជំនាញ បោសសម្អាតមីន, ជំនាញគ្រឿងផ្ទុះ, ជំនាញម៉ាស៊ីនរាវមីនជម្រៅជ្រៅ និងជំនាញបោសម្អាតមីនដោយដៃនិងគ្រឿងចក្រ កម្ទេចគ្រាប់មិនទាន់ផ្ទុះ EOD, IED និងC-IED, វិស្វកម្មស្ពានថ្នល់និងសំណង់អគារ ជំនាញបើកបររថយន្ត គ្រឿងចក្រ រថពាសដែក និងជួសជុលកម្រិតស្រាល ផ្នែកសុខាភិបាល បាញ់គ្រាប់ពិត ក្បួនយុទ្ធវិធី ឋានលេខា លំហាត់របៀបកងទ័ព ភ្លេងបុរាណសិល្បៈប្រពៃណីខ្មែរជាដើម។
ឯកឧត្តម នាយឧត្តមសីយ៍ មាស សាវ៉ន មានប្រសាសន៍ថា បច្ចុប្បន្នកម្ពុជាបាននិងកំពុងទទួលផលពីសន្តិភាព និងឯកភាពទឹកដីដ៏ពេញលេញ ដែលកើតចេញពីនយោបាយឈ្នះឈ្នះ។ ដូចនេះ ក្នុងយុគសម័យថ្មីនេះ ប្រជាជនកម្ពុជា កំពុងឈានឆ្ពោះក្នុងដំណើរប្រកបដោយក្តីសង្ឃឹមជឿជាក់លើអនាគតភ្លឺស្វាង ក្នុងការការពារជាតិ កសាង និងអភិវឌ្ឍមាតុភូមិរបស់ខ្លួន។ មានសន្តិភាពពេញលេញនេះហើយ កម្ពុជាក៏បានបញ្ជូនកងកម្លាំងរក្សាសន្តិភាពរបស់ខ្លួន ទៅចូលរួមបេសកកម្មអង្គការសហប្រជាជាតិ នៅក្នុងប្រទេសចំនួន៩ លើ១២បេសកកម្ម ដែល មានកម្លាំងសរុប ៨,៥៣៨នាក់៕
