ឯកឧត្ដម សក់ សេដ្ឋា អញ្ជើញចូលរួមក្នុងពិធីបិទកិច្ចប្រជុំពិភាក្សា និងផ្សព្វផ្សាយ ស្ដីពីយុទ្ធសាស្ដ្រនយោបាយព័ត៌មាន

ភ្នំពេញ៖ ឯកឧត្ដម សក់ សេដ្ឋា រដ្ឋលេខាធិការប្រចាំការក្រសួងមហាផ្ទៃ នៅរសៀលថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣ បានអញ្ជើញចូលរួមក្នុងពិធីបិទកិច្ចប្រជុំពិភាក្សា និងផ្សព្វផ្សាយ ស្ដីពី យុទ្ធសាស្ដ្រនយោបាយព័ត៌មានក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។
ពិធីខាងលើមានការអញ្ជើញចូលរួម ឯកឧត្តម ផៃ ស៊ីផាន រដ្ឋមន្ដ្រីប្រតិភូអម នាយករដ្ឋមន្ដ្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ឯកឧត្តម លោកជំទាវ អ្នកនាំពាក្យគ្រប់ក្រសួង ស្ថាប័ននានា មន្ដ្រីមន្ទីរព័ត៌មានរាជធានី-ខេត្ត និងអ្នកពាក់ព័ន្ធជាច្រើនរូបទៀត។
ជាកិច្ចចាប់ផ្តើម ឯកឧត្តម ផៃ ស៊ីផាន រដ្ឋមន្ដ្រីប្រតិភូអម នាយករដ្ឋមន្ដ្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល មានប្រសាសន៍ជម្រាបជូនសម្តេចក្រឡាហោម ស ខេង និងអង្គប្រជុំថា កិច្ចប្រជុំពិភាក្សា និងផ្សព្វផ្សាយស្ដីពី“យុទ្ធសាស្រ្តនយោបាយព័ត៌មាន” រយៈពេល ១ថ្ងៃពេញនេះ រៀបចំឡើងមានគោលបំណងស្នូល គឺដើម្បីពង្រឹងយន្តការ និងគោលការណ៍នយោបាយព័ត៌មានថ្នាក់ក្រោមជាតិ ដើម្បីធ្វើយុទ្ធនាការរួមគ្នាប្រមូលផ្ដុំផ្សព្វផ្សាយបំផុសឱ្យប្រជាពលរដ្ឋយល់ដឹងកាន់តែច្បាស់នូវសមិទ្ធផលដែលជាការប្រឹងប្រែងរបស់រដ្ឋបាលរាជធានី-ខេត្ត និងជំរុញការផ្តល់សេវាសាធារណៈឱ្យទៅកៀកផ្ទាល់ជូនប្រជាពលរដ្ឋនៅមូលដ្ឋាន ប្រកបដោយប្រសិទ្ធភាព ស័ក្តិសិទ្ធភាព និងបរិយាបន្ន។
ឯកឧត្តម មានប្រសាសន៍ជម្រាបជូនបន្តថា កិច្ចប្រជុំនេះក៏មានគោលបំណងក្នុងការផ្សព្វផ្សាយបំផុសស្មារតី នយោបាយ និងប្រសិទ្ធភាពនៃការដឹកនាំ ដើម្បីបង្ហាញចេញនូវដំណោះស្រាយ នៃបញ្ហាប្រឈមនានា តាមរយៈវេទិកាសាធារណៈ និងតាមរលកធាតុអាកាសដែលរួមមាន វិទ្យុ និងប្រព័ន្ធអេឡិចត្រូនិក ដែលជាគោលនយោបាយក្នុងកិច្ចបង្កើនគុណភាព បង្កើតបាននូវលំហប្រជាធិបតេយ្យជាមូលដ្ឋានគ្រឹះ នៃកិច្ចផ្តល់សេវាកម្ម និងការចូលរួមរបស់ប្រជាពលរដ្ឋ៕
