ឯកឧត្ដមអភិបាលខេត្តក្រចេះ អញ្ជើញអបអរសាទរជូនពរឆ្នាំថ្មីប្រពៃណីជនជាតិវៀតណាមដល់ថ្នាក់ដឹកនាំ និងប្រជាជនខេត្តប៊ិញភឿក និងខេត្តប៊ិញយឿង

ភ្នំពេញ៖ ក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណីជនជាតិវៀតណាម ដែលនិងឈានចូលមកដល់នៅថ្ងៃទី២២-២៣-២៤ ខែមករា ឆ្នាំ២០២៣ខាងមុខនេះ ឯកឧត្ដម វ៉ា ថន អភិបាលខេត្តក្រចេះ បានអញ្ជើញដឹកនាំគណៈប្រតិភូខេត្ត ចូលជួបសំដែងការគួរសម និងជូនពរដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងប្រជាជនខេត្តប៊ិញភឿក និងខេត្តប៊ិញយឿង សាធារណរដ្ឋសង្គមនិយមវៀតណាម ដែលជាខេត្តសម្ពន័្ធមេត្រីភាព និងខេត្តក្រចេះដែលមានទំនាក់ទំនងសាមគ្គីភាព មិត្តភាពរវាងប្រទេសទាំងពីរ វៀតណាម-កម្ពុជា ។
ឯកឧត្តមអភិបាលខេត្ត ក៏បានវាយតម្លៃខ្ពស់ ចំពោះការទំនាក់ទំនងល្អ និងកិច្ចសហប្រតិបត្តិការ លើគ្រប់វិស័យ ប្រកបដោយផ្លែផ្កាកន្លងមក ដែលនេះគឺជាការឆ្លុះបញ្ចាំងនូវចំណងមិត្តភាព សាមគ្គីភាព ពីមួយថ្ងៃទៅមួយថ្ងៃកាន់តែត្រូវបានពង្រឹង និងពង្រីកថែមទៀត នាពេលអនាគត ដើម្បីសន្តិភាព ស្ថេរភាព និងវិបុលភាពក្នុងតំបន់។
តាងនាមក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ព្រះសង្ឃ ព្រមទាំងប្រជាពលរដ្ឋ ទូទាំងខេត្តក្រចេះ ឯកឧត្តមសូមប្រសិទ្ធពរ បវរមហាប្រសើរ ជូនចំពោះថ្នាក់ដឹកនាំបក្ស រដ្ឋ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាជនខេត្តប៊ិញយឿង និងខេត្តប៊ិញភឿក សូមប្រកបនូវសុខភាពល្អបរិបូរណ៍ បញ្ញាញាណវៀងវៃ អាយុយឺនយូរ ដើម្បីបន្តដឹកនាំខេត្ត ឆ្ពោះទៅរកការអភិវឌ្ឍ ប្រកបដោយនិរន្តភាព និងភាពសម្បូររុងរឿងជានិច្ចនិរន្តន៍ ៕
