ក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័សនៃស្នងការបាត់ដំបង បំភ្លឺព័ត៌មានជុំវិញការចុះផ្សាយ ក្នុងគេហទំព័រសារព័ត៌មាន MEASSORANEWS

ភ្នំពេញ៖ ក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង មានកិត្តិយសសូមគោរព ជម្រាបជូនសាធារណជន អ្នកសារព័ត៌មាននិងអ្នកនិយមប្រើប្រាស់បណ្តាញសង្គម បានជ្រាបថាកាលពីថ្ងៃទី ៥ ខែ មករា ឆ្នាំ ២០២៣ បានឃើញគេហទំព័រ MEASSORANEWS បានផ្សព្វផ្សាយព័ត៌មានមួយដែលមានចំណងជើងថា បនល្បែងជល់មាន់តាមប្រព័ន្ធអនឡាញនៅក្នុង សង្កាត់អូរចារ សង័្សយជាឆ្នាំងបាយរបស់លោកពេជ្រ សារ៉ែន អធិការនគរបាលក្រុងបាត់ដំបង។
តាមរយៈចំណងជើងខាងលើនេះ គេហទំព័រសារព័ត៌មានបានលើកឡើងថា មានទីតាំងមួយកន្លែងនៅ ក្នុងភូមិអញ្ចាញ សង្កាត់អូរចារ ក្រុងបាត់ដំបង កំពុងលួចលាក់ប្រព្រឹត្តិល្បែងភ្នាល់ជល់មាន់តាមអនឡាញ ផ្គើននឹងបទបញ្ជារបស់សម្តេចតេជោហ៊ុនសែនយ៉ាងពេញបន្ទុកស្តីពីការទប់ស្កាត់និងបង្រ្កាបបទល្មើសល្បែងស៊ីសងនៅទូទាំងប្រទេស ដោយមានភ្ជាប់ទាំងរូបភាពយ៉ាងស្រអាប់សឹងមើលមិនស្គាល់ មកជាមួយផង។
តាមយោបល់ក្រុមការងារប្រតិកម្មរហ័សនៃអគ្គស្នងការដ្ឋាននគរបាលជាតិ និងស្របតាមអនុសាសន៍បញ្ជាដឹកនាំរបស់ លោក ឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាល បានធ្វើការទំនាក់ទំនងភ្លាមៗទៅកាន់ ចាងហ្វាងនៃគេហទំព័រខាងលើតាមរយៈ ទូរស័ព្ទលេខ 097904611 ដើម្បីសហការស្រាវជ្រាវចំពោះ ខ្លឹមសារនិងរូបភាពដែលបានផ្សព្វផ្សាយខាងលើតើជារឿងពិតឬជារឿងមិនពិត?។
លោក ចាងហ្វាង គេហទំព័រខាងលើ បានបញ្ជាក់ប្រាប់មកក្រុមការងារយើងវិញថា រូបភាពនិងខ្លឹមសារនេះ គឺលោក ទទួលបានពីភ្នាក់ងាររបស់លោកតែប៉ុណ្ណោះចំពោះខ្លឹមសារលំអិតយ៉ាងណានោះ លោកមិនបានដឹងទេ រង់ចាំសាកសួរទៅភ្នាក់ងារលោកសិន។
ដោយមិនរង់ចាំយូរ ក្រុមការងារបានសហការជាមួយសមត្ថកិច្ចនគរបាល ក្រុងបាត់ដំបងដែលមានលោកវរសេនីយ៍ឯក ពេជ្រ សារ៉ែន ជាអធិការ និងមានលោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលអូរចារ ផងបានចុះទៅដល់ចំណុចទីតាំងដែលគេហទំព័រខាងលើ បានផ្សព្វផ្សាយ ។
ពេលទៅដល់ចំណុចក្រុមទី២២ភូមិអញ្ខាញ សង្កាត់អូរចារ ក្រុងបាត់ដំបងនាវេលាម៉ោង១៦និង២៧នាទីថ្ងៃទី ៥ ខែមករាឆ្នាំ ២០២៣ ដដែលក្រុមការងារបានជួបឈ្មោះ ពេជ្រ សុខុម ហៅ តឿ ភេទប្រុស អាយុ ៤៨ឆ្នាំ ជាអ្នកមើលការខុសត្រូវនៅចំណុចនោះបាន បញ្ជាក់ប្រាប់ថា ទីតាំងដែលលោកមើលការខុសត្រូវនេះ គឺជារបស់លោលផ្ទាល់មានតែល្បែងកីឡាស្នឃ័រតែប៉ុណ្ណោះ ដោយពុំមានល្បែងភ្នាល់ជល់មានតាម អនឡាញដូចការលើកឡើងនោះទេព្រោះលោក បានយល់ច្បាស់ណាស់អំពីអនុសាសន៍ដ៏ខ្ពង់ខ្ពស់ របស់សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានផ្សព្វផ្សាយកន្លងទៅទាក់ទងនឹងការប្រព្រឹត្តិល្បែងស៊ីសងខុសច្បាប់ដូច្នេះ ចំពោះការចោទប្រកាន់ថា នៅទីតាំងរបស់លោកមានលួចលាក់ប្រព្រឹត្តិល្បែងភ្នាល់ជល់មាន់តាមអនឡាញនោះ គឺពុំមែនជាការពិតឡើយ ។
នៅពេលក្រុមការងារពិនិត្យនៅចំណុចនេះ ពុំមានឃើញចំណុចណាមួយដែលបង្ហាញពីសកម្មភាព នៃការប្រព្រឹត្តិ ល្បែងភ្នាល់ជល់មាន់តាមអនឡាញនោះទេ ហើយកីឡាស្នឃ័ររបស់គាត់គឺបានបញ្ជាក់ថា(ហាមលេងភ្នាល់ដាក់ប្រាក់) តែអ្នកលេងត្រូវចេញថ្លៃតុងចំពោះសម្ភារៈឧបករណ៍របស់គាត់ ដែលទិញយកមកបម្រើសេវានៅទីនេះតែប៉ុណ្ណោះ ដូច្នេះការផ្សព្វផ្សាយនិងចោទប្រកាន់របស់គេហទំព័រ ខាងលើ នោះគឺជារឿងមិនពិត ។
ដូចបានជម្រាបជូនខាងលើ សូមសាធារណសាធារណជន អ្នកសារព័ត៌មាននិងអ្នកនិយមប្រើប្រាស់ បណ្តាញសង្គមមេត្តាជ្រាបជាព័ត៌មាន សូមកុំឱ្យមានការភាន់ច្រឡំចំពោះខ្លឹមសារនៃសារព័ត៌មានខាងលើ និងសូមបន្តចូលរួមសហការជាមួយសមត្ថកិច្ចនគរបាលដោយភារភាពសូមអរគុណ៕
