ឧត្ដមសេនីយ៍ឯក ហ៊ុន ម៉ាណែត៖ លទ្ធភាពនាំឱ្យយើងអាច សម្រេចបានតាមចក្ខុវិស័យ “កម្ពុជាអស់មីន ឆ្នាំ២០២៥” គឺត្រូវពឹងផ្អែកលើកត្តា ២យ៉ាង

ភ្នំពេញ៖ ឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានលើកឡើងថា លទ្ធភាពដែលនាំឱ្យយើងអាចសម្រេចបានតាមចក្ខុវិស័យ “កម្ពុជាអស់មីន ឆ្នាំ២០២៥” គឺត្រូវពឹងផ្អែកលើកត្តា ២ យ៉ាង ។
ក្នុងឱកាសតំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រធានអាជ្ញាធរមីន អញ្ជើញអបអរសាទរការប្រកាស «ខេត្តត្បូងឃ្មុំ អស់មីន» នាថ្ងៃទី១៥ ខែធ្នូ ឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានបញ្ជាក់ថា កត្តាទាំង ២យ៉ាងនោះរួមមាន៖
ទី១. ការបន្តដោះមីនដែលនៅសេសសល់ តាមរយៈការចូលរួមចំណែក និងការប្តេជ្ញាចិត្តរបស់គ្រប់តួអង្គ-ដៃគូពាក់ព័ន្ធទាំងជាតិ និងអន្តរជាតិ ជាពិសេសប្រជាពលរដ្ឋ ស្របពេលដែលបច្ចុប្បន្នរាជរដ្ឋាភិបាលដែលមាន សម្តេចតេជោជាប្រមុខ បានប្តេជ្ញាចិត្តផ្តល់ការគាំទ្រយ៉ាងពេញទំហឹង។
ទី២. ការបញ្ឈប់ការដាក់មីនថ្មីតាមរយៈមធ្យោបាយតែមួយគត់ គឺការរក្សាឱ្យបាននូវសន្តិភាព។ ការបញ្ចប់សង្គ្រាម និងទទួលបានសន្តិភាព មានន័យថា ខ្មែរឈប់ប្រើអាវុធយុទ្ធភណ្ឌដើម្បីបំផ្លិចបំផ្លាញគ្នា ហើយសន្តិភាពបានផ្តល់ឱកាស និងលទ្ធភាពឱ្យខ្មែរបែរមករួបរួមគ្នាដើម្បីបោសម្អាតមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ ដែលជាកាកសំណល់សង្គ្រាមពីអតីតកាល។ ស្នាមញញឹមកើតមាននៅពេលដែលគ្រួសារបានរស់នៅជួបជុំគ្នា និងអាចប្រកបរបរទ្រទ្រង់ជីវភាពដោយក្តីសុខសាន្ត ហើយបើមានការបែកបាក់ព្រាត់ប្រាសគ្នា គឺមានតែទុក្ខសោកប៉ុណ្ណោះ។
ឯកឧត្ដម ហ៊ុន ម៉ាណែត បានសម្តែងនូវការកោតសរសើរ និងការអរគុណចំពោះអាជ្ញាធរមីន, ប្រតិបត្តិករជាតិ-អន្តរជាតិ និងសប្បុរសជននានា ក៏ដូចជាតួអង្គពាក់ព័ន្ធទាំងអស់ ដែលអស់រយៈកាល ៣០ កន្លងមកនេះ ដោយគិតចាប់ពីឆ្នាំ១៩៩២ មក បានចូលរួមចំណែកយ៉ាងសកម្មក្នុងយុទ្ធនាការបោសសម្អាតមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះនៅកម្ពុជា រហូតសម្រេចបាននូវជោគជ័យដ៏ត្រចះត្រចង់គួរជាទីមោទនៈក្នុងពេលបច្ចុប្បន្ន។
ឯកឧត្ដមបណ្ឌិត ក៏បានយកឱកាសនេះ សម្តែងនូវការដឹងគុណចំពោះពលិកម្មរបស់អ្នកដោះមីនដ៏អង់អាចក្លាហានរបស់យើង ដែលបានយកអាយុជីវិតរបស់ខ្លួនទៅប្រថុយនឹងគ្រោះថ្នាក់ នៅក្នុងបុព្វហេតុការពារសង្រ្គោះអាយុជីវិត និងជួយរំដោះដីស្រែចម្ការរបស់ប្រជាពលរដ្ឋពីគ្រោះថ្នាក់ដោយសារគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះក្នុងរយៈកាលកន្លងមកនេះ ៕
