កម្ពុជា ជាប្រទេសមួយ ក្នុងចំណោមប្រទេសចំនួន៩ ក្នុងទ្វីបអាស៊ី ដែលមានវត្តមានទាព្រៃស្លាបសរស់នៅ

ភ្នំពេញ៖ យោងតាមការសិក្សារបស់អ្នកជំនាញ បច្ចុប្បន្ននេះ កម្ពុជាមានទាព្រៃស្លាបសដែលជាប្រភេទសត្វកម្ររងគ្រោះថ្នាក់ជិតផុតពូជលើពិភពលោកស្ថិតនៅក្នុងបញ្ជីក្រហមរបស់អង្គការ IUCN ចន្លោះពី ២០ ទៅ ៣០ ក្បាល។
វត្តមានសត្វទាព្រៃស្លាបសនៅកម្ពុជាបានធ្វើឱ្យកម្ពុជាគឺជាប្រទេសមួយក្នុងចំណោមប្រទេសចំនួន៩ ក្នុងទ្វីបអាស៊ី ដែលមានវត្តមានទាព្រៃស្លាបសរស់នៅ។
យោងតាមរបាយការណ៍សិក្សា ទាព្រៃស្លាបសមានចំនួនតិចជាង ១០០០ក្បាល នៅលើពិភពលោក និងមានវត្តមានតិចតួចរស់នៅក្នុងប្រទេសកម្ពុជា។ ទាព្រៃស្លាបសចូលចិត្តធ្វើសំបុកនៅក្នុងរន្ធឈើ នៅលើដើមឈើចាស់ៗ ៕
