លក្ខខណ្ឌសំខាន់ៗមួយចំនួន ដែលសមាជិក ប.ស.ស. ត្រូវអនុវត្តដើម្បីទទួលបានប្រាក់សោធន

ភ្នំពេញ៖ ក្រោមការចាត់តាំងពីសំណាក់ឯកឧត្តម អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកបេឡាជាតិសន្តិសុខសង្គម នៅរសៀលថ្ងៃអាទិត្យ ទី១០ ខែធ្នូ ឆ្នាំ២០២២នេះ ប្រធាននាយកដ្ឋានតាវកាលិកសន្តិសុខសង្គម នៃ ប.ស.ស. លោក សុក បូរ៉ា បានលើកឡើងថា«មានលក្ខខណ្ឌ៣យ៉ាងដើម្បីទទួលប្រាក់សោធន(រ៉ឺត្រែត)»។ ការលើកឡើងបែបនេះក្នុងឱកាសលោកអញ្ជើញធ្វើបទបង្ហាញក្នុងសិក្ខាសាលាស្តីពី “កិច្ចគាំពារសង្គមសម្រាប់កម្មករនិយោជិត” ជូនដល់ថ្នាក់ដឹកនាំ និងបុគ្គលិកនៃសហភាពការងារកម្ពុជា (CLC)។
លោក សុក បូរ៉ា បានបន្តទៀតថា ដើម្បីទទួលបានប្រាក់សោធន កម្មករនិយោជិតនៃវិស័យឯកជន ត្រូវគោរពតាមលក្ខខណ្ឌ៣យ៉ាង ដែលក្នុងនោះរួមមាន៖ (១) បានចុះបញ្ជីក្នុងផ្នែកប្រាក់សោធន (២) មានអាយុយ៉ាងតិច៦០ឆ្នាំ (៣) បានបង់ភាគទានផ្នែកប្រាក់សោធនយ៉ាងតិច១២ខែ។
លោក បានបន្ថែមទៀតថា៖ ទន្ទឹមនឹងការចូលរួមបង់ភាគទានរបបសន្ដិសុខសង្គមផ្នែកប្រាក់សោធននេះ ប.ស.ស. នឹងផ្ដល់អត្ថប្រយោជន៍ជាប្រាក់បៀវត្សរៀងរាល់ខែជូនបងប្អូនវិញនៅពេលដែលបងប្អូនដល់អាយុកំណត់ដែលចូលនិវត្តន៍ ជាពិសេស បងប្អូននឹងទទួលបានសេវាថែទាំសុខភាពដោយឥតគិតថ្លៃ ពី ប.ស.ស. ផងដែរ។
លោកបានបន្តទៀតថា ការបង់ភាគទានផ្នែកប្រាក់សោធន គឺជាកាតព្វកិច្ចដែលមានចំនួន ៤ភាគរយ ក្នុងនោះនិយោជកបង់ ២ភាគរយ និងកម្មករនិយោជិតបង់ ២ភាគរយ។
លោកបានគូសបញ្ជាក់ថា៖ ប្រសិនបើកម្មករម្នាក់ធ្វើការនៅរោងចក្រមួយ ហើយធ្វើការបាន ១ឆ្នាំ រោងចក្រនោះក៏បិទទ្វារ ប្រវត្តិ នៃការបង់ភាគទានត្រូវបានកត់ត្រានៅក្នុងប្រព័ន្ធ ប.ស.ស.។ នៅពេលគាត់ទទួលបានការងារនៅកន្លែងថ្មី អតីតភាពត្រូវបានបូកបន្តទៀតរហូតដល់គាត់មានអាយុ ៦០ឆ្នាំ ទើបគាត់អាចទទួលបានប្រាក់សោធន។
សូមបញ្ជាក់ថា៖ បទបង្ហាញខាងលើរៀបចំដោយសហភាពការងារកម្ពុជា (CLC) សហការជាមួយអង្គការ Oxfam ក្នុងការរៀបចំវគ្គសិក្ខាសាលានេះឡើង នៅសណ្ឋាគារហ៊ីម៉ាវ៉ារី រាជធានីភ្នំពេញ ដោយមានអ្នកចូលរួមសរុបប្រមាណជាង ១០០នាក់ ៕
