ឯកឧត្ដម ឌិត ទីណា ទទួលជួបពិភាក្សាការងារជាមួយ ឯកអគ្គរដ្ឋទូតគុយបា

ភ្នំពេញ៖ ឯកឧត្ដម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាថ្ងៃទី៥ ធ្នូ បានបន្តជួបពិភាក្សាការងារជាមួយលោកជំទាវ Liurka Rodriguez Barrios ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋគុយបា។
ក្នុងជំនួបនោះឯកឧត្ដមរដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់លោកជំទាវ ដែលបានអញ្ជើញរូបឯកឧត្ដម និងមន្ដ្រីនៃក្រសួងកសិកម្ម ទៅបំពេញទស្សនកិច្ចនៅប្រទេសគុយបា ។
ឯកឧត្ដម ឌិត ទីណា បានសម្ដែងការស្វាគមន៍ ចំពោះបំណងរបស់លោកជំទាវ ដែលស្នើឱ្យកម្ពុជាបញ្ចូន អ្នកបច្ចេកទេសដំណាំស្រូវទៅគុយបា ដើម្បីធ្វើការពិសោធន៍ និងបង្ហាត់បង្ហាញដោយផ្ទាល់ អំពីការដាំដុះដំណាំស្រូវ ។
ជាការឆ្លើយតប កម្ពុជានឹងរៀបចំគណៈប្រតិភូកម្ពុជាមួយក្រុម ដែលក្នុងនោះមានការចូលរួមពីមន្ដ្រីជំនាញនៃក្រសួងកសិកម្ម ស្ថាប័នពាក់ព័ន្ធ និងវិស័យឯកជន ដើម្បីពិនិត្យ សិក្សា និងឈានទៅអភិវឌ្ឍវិស័យកសិកម្ម ជាពិសេសដំណាំស្រូវ នៅប្រទេសគុយបា ៕
