សមាគមវារីវប្បករនៅកម្ពុជា ចេញសារបន្ទាន់អំពាវនាវដល់អ្នកចិញ្ចឹមត្រី ក្រោយមានបម្រែបម្រួលអាកាសធាតុ

ភ្នំពេញ៖ សមាគមវារីវប្បករនៅកម្ពុជានៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២នេះ បានចេញសារបន្ទាន់ អំពាវនាវឱ្យអ្នកចិញ្ចឹមត្រីអនុវត្តតាមការណែនាំ ដើម្បីឲត្រីចិញ្ចឹមមានសុវត្ថិភាព ក្រោយមានបម្រែបម្រួលអាកាសធាតុ។
សមាគមវារីវប្បករ បានបញ្ជាក់ថា “ នៅពេលស៊ីតុណ្ហភាពចុះត្រជាក់ វាអាចបណ្តាលអោយត្រីចិញ្ចឹមមានសភាពខុសប្រក្រតី ដែលធ្វើអោយភាពស៊ាំធ្លាក់ចុះ និងមិនសូវស៊ីចំណី ហើយក៏ងាយរងនូវការវាយប្រហារពីមេរោគផ្សេងៗទៀត។ ប្រសិនបើលោកអ្នកសង្កេតឃើញថា ត្រីមិនសូវសកម្ម ដំបូងត្រូវកាត់បន្ថយ ឬផ្អាកការអោយចំណីបណ្ដោះអាសន្ន និងបង្កើនអោយមានអុកស៊ីសែនក្នុងទឹក តាមរយៈការធ្វើទឹកអោយមានចលនាដូចជាប្រើម៉ាស៊ីនវ៉ៃទឹក ឬប្រើម៉ូទ័របូមទឹកឡើងលើ ជាដើម ។ យ៉ាងណាក៏ដោយអ្នកចិញ្ចឹមត្រីត្រូវតែពិនិត្យគុណភាពទឹកដោយវាស់កំរិតនីទ្រីត (NO2) ព្រោះថាពេលសីតុណ្ហភាពចុះត្រជាក់សារធាតុនីត្រូសែន ឬអាសូត(N) ថយចុះតែសារជាតិនីទ្រីត( NO2) កើន”។
សមាគមវារីវប្បករបន្ថែមថា លោកអ្នកអាចពិនិត្យស្រកីត្រីដែលជិតងាប់ ឬងាប់ហើយនោះ វាអាចនឹងមានពណ៌ជាំក្រម៉ៅ ឬឈាមជ្រូកក្រម៉ៅ ប្រសិនបើស្រកីត្រីមានពណ៌បែបនេះ លោកអ្នកអាចប្រើអំបិលដើម្បីការពារកុំអោយសារជាតិ នីទ្រីតចូលក្នុងឈាមរបស់ត្រី អាចបណ្ដាលអោយត្រីស្លាប់ជាបន្តបន្ទាប់។
ជាមួយគ្នានោះសមាគមវារីវប្បករ បានសូមលោកអ្នកអនុវត្តតាមការណែនាំខាងលើ ដើម្បីឲត្រីចិញ្ចឹមរបស់លោកអ្នកមានសុវត្ថិភាព៕
